ប្រភពការទូត នៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះ បានឲ្យដឹងថា ប្លុកអាស៊ាន (ASEA) របស់តំបន់អាស៊ីអាគ្នេយ៍ នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោត នៅសហភាពមីយ៉ានម៉ា ក្នុងខែធ្នូ ដែលជាការប៉ះណាល់ដល់ការជំរុញរបស់របបយោធា ក្នុងការធ្វើឲ្យមានភាពស្របច្បាប់អន្តរជាតិ។
ប្រមុខរបបយោធា លោក Min Aung Hlaing បានចាត់ទុកការបោះឆ្នោតនៅថ្ងៃទី២៨ ខែធ្នូថា ជាជំហានឆ្ពោះទៅរកការផ្សះផ្សាក្នុងសង្រ្គាមស៊ីវិលដែលបានកើតឡើងដោយសាររដ្ឋប្រហារឆ្នាំ២០២១ របស់លោក។ ប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃទី២៧ ខែតុលា បានអំពាវនាវ ម្តងទៀតឲ្យមានបទឈប់បាញ់ជាបន្ទាន់។
ហើយបណ្ដាមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ១១ ដែលកំពុងមានកិច្ចប្រជុំ នៅប្រទេសម៉ាឡេស៊ី បានបង្ហាញ «ក្ដីបារម្ភយ៉ាងខ្លាំង» ចំពោះជម្លោះនេះ ហើយបានព្រមានអំពី «កង្វះខាតវឌ្ឍនភាពសំខាន់ៗ» ក្នុងការឆ្ពោះទៅរកសន្តិភាព នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែតុលា។
សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា «ការបញ្ឈប់អំពើហិង្សា និងការសន្ទនានយោបាយប្រកបដោយបរិយាបន្ន ត្រូវតែកើតមានមុនការបោះឆ្នោត» ដោយកត់សម្គាល់ពីការអញ្ជើញរបស់របបយោធា ដើម្បីឲ្យបណ្ដារដ្ឋអាស៊ានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងដំណើរការនេះ។
អ្នកការទូតម្នាក់បានប្រាប់សារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «អ្វីដែលចង់មានន័យនោះ គឺថា មិនមានអ្នកសង្កេតការណ៍របស់អាស៊ានឡើយ ប៉ុន្តែបណ្តាប្រទេសអាស៊ាន មានសិទ្ធិបញ្ជូនអ្នកសង្កេតការណ៍ទៅ ផ្អែកលើមូលដ្ឋានទ្វេភាគី»។ ចំណែកអ្នកការទូតទី២ បានបញ្ជាក់ថា មិនមានការឯកភាពគ្នា ក្នុងចំណោមសមាជិក ក្នុងការបញ្ជូនបេសកកម្ម ក្រោមទង់របស់អាស៊ាននោះទេ៕