ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយនៅថ្ងៃចន្ទ (ទី២៧ ខែតុលា) នេះថា សណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ ស្ថិតនៅក្រោម «ការវាយប្រហារ» ហើយប្លុកកំពុងសម្លឹងមើលជម្រើសនានា ដើម្បីគាំទ្រដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើចៅក្រម ៦រូប និងរដ្ឋអាជ្ញា ៣នាក់ នៅ ICC កាលពីដើមឆ្នាំនេះ ក្នុងនោះរួមមានទាំងប្រធានរដ្ឋអាជ្ញារបស់ស្ថាប័ននេះផងដែរ ដែលបានលាលែងពីតំណែងជាបណ្ដោះអាសន្នក្នុងខែឧសភា ក្នុងពេលមានការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តិផ្លូវភេទមិនសមរម្យ។ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណាផងដែរ ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នតុលាការនេះទាំងមូល។
អំឡុងពេលថ្លែងនៅឯមហាវិទ្យាល័យអឺរ៉ុប ជាសកលវិទ្យាល័យមួយដែលមានមូលដ្ឋាន នៅទីក្រុង Bruges ប្រទេសបែលហ្ស៊ិក លោកស្រី Kallas បាននិយាយថា៖ «ការវាយប្រហារយ៉ាងទូលំទូលាយ កំពុងបន្តមានប្រឆាំងនឹងសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ សិទ្ធិមនុស្ស បទដ្ឋានដែលបានព្រមព្រៀងជាអន្តរជាតិ និងស្ថាប័នដែលយើងបានបង្កើត ដើម្បីអនុវត្តវា»។
លោកស្រីបានបញ្ជាក់ថា EU មានគោលនយោបាយដ៏យូរអង្វែង និងរឹងមាំ ក្នុងការគាំទ្រ ICC ប៉ុន្តែប្លុកនេះ ក៏មាន «កំហុសឆ្គងដែរ»។ យ៉ាងណាក្ដី ប្រធានគោលនយោបាយការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា ប្លុកនេះកំពុងសម្លឹងរកវិធីជួយតុលាការនេះ។
បណ្ដាប្រទេស EU ទាំងអស់ គឺជាសមាជិករបស់ ICC ប៉ុន្តែហុងគ្រី កំពុងស្ថិតក្នុងដំណើរការចាកចេញពីស្ថាប័ននេះ៕