កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមហ៊ុន IndiGo ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេរបស់ឥណ្ឌា បានចាប់ផ្តើមការហោះហើរមិនឈប់សំចតជាលើកដំបូងរបស់ខ្លួនចេញពីទីក្រុង Kolkata ទៅកាន់ទីក្រុង Guangzhouប្រទេសចិន ស្របពេលប្រទេសទាំង ២ ចាប់ផ្តើមឡើងជើងហោះហើរត្រង់ ស្របពេលកើតមានភាពទាល់ច្រកផ្នែកការទូត ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ ។
ក្រសួងការបរទេសឥណ្ឌា និយាយនៅដើមខែនេះថា ជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំង ២ នឹងចាប់ផ្តើមឡើងវិញ ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ ។
លោក Qin Yong គឺជាអគ្គកុងស៊ុលរងរបស់ចិនប្រចាំនៅទីក្រុង Kolkata និយាយថា ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់សម្រាប់ពួកយើងទាំង ២ ទំនាក់ទំនងឥណ្ឌា និងចិន ហើយលោកមកទីនេះនៅថ្ងៃនេះ ដើម្បីចូលរួមពិធីដ៏សាមញ្ញមួយ ដើម្បីចាប់ផ្តើមឡើងវិញការហោះហើរត្រង់ពីទីក្រុង Kolkata ទៅកាន់ទីក្រុងGuangzho ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ ។
ក្រុមហ៊ុន China Eastern Airlines គាំទ្រដោយរដ្ឋចិន នឹងចាប់ផ្តើមឡើងវិញផងដែរជើងហោះហើររវាងទីក្រុងសៀងហៃ និងដែល្លី ចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះតទៅ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ។
ការប្រកាសបែបនេះ បានកើតមានឡើង បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ឆ្នាំរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់ប្រទេសចិន សម្រាប់ជំនួបកំពូលអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ដែលជាប្លុកសន្តិសុខក្នុងតំបន់ ។
ប្រទេសទាំង ២ បានពិភាក្សាលើការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងពាណិជ្ជកម្ម ខណៈលោក Modi លើកឡើងពីក្តីបារម្ភឱនភាពពាណិជ្ជកម្មទ្វេភាគីរីកដុះដាលរបស់ប្រទេសឥណ្ឌា ។
សូមបញ្ជាក់ថា ប្រទេសចិន និងឥណ្ឌា បានផ្អាកការហោះហើរត្រង់កាលពីឆ្នាំ ២០២០ ក្រោយការប៉ះទង្គិចគ្នាស្លាប់ទាហាននៅតាមព្រំដែនតំបន់ភ្នំហិម៉ាឡៃ ដែលនាំឲ្យមានភាពទាល់ច្រកផ្នែកយោធារយៈពេលយូររវាងប្រទេសទាំង ២ ៕