កងកម្លាំងគាំទ្ររហ័ស(RSF)និយាយកាលពីថ្ងៃអាទិត្យថា ពួកគេដណ្តើមគ្រប់គ្រងបានទីស្នាក់ការកណ្តាលកងទ័ពស៊ូដង់នៅទីក្រុង al-Fashir ដែលជាតំបន់កាន់កាប់ចុងក្រោយគេរបស់កងទ័ពស៊ដង់នៅតំបន់ Darfur ស្ថិតនៅភាគខាងលិចប្រទេស ។
រូបភាពវីដេអូឃ្លីបបង្ហោះដោយកងកម្លាំង RSF ឃើញទាហានរបស់ពួកគេស្រែកហ៊ោរអបអរសាទរនៅមុខស្លាកសញ្ញាសម្រាប់មូលដ្ឋានកងទ័ពថ្មើរជើងលេខ ៦របស់កងទ័ពស៊ូដង់ ។
កងទ័ពស៊ូដង់ពុំបានផ្តល់សេចក្តីថ្លែងការណ៍ភ្លាមៗនោះទេចំពោះការឈរជើងបច្ចុប្បន្នរបស់ពួកគេ ។ ការដណ្តើមគ្រប់គ្រងទីក្រុង al-Fashir នឹងក្លាយជាជ័យជំនះនយោបាយដ៏សំខាន់មួយសម្រាប់កងកម្លាំង RSF ដែលអាចពន្លឿនការបែកបាក់ជាក់ស្តែងនៅក្នុងប្រទេសស៊ូដង់ ធ្វើឲ្យកងកម្លាំង RSF ពង្រឹងការគ្រប់គ្រងរបស់ខ្លួនកាន់តែច្រើននៅតំបន់ Darfur ។
ក្រុមសកម្មជនបានព្រមានជាយូរមកហើយថា ការគ្រប់គ្រងទីក្រុងមួយនេះរបស់កងកម្លាំង RSF នឹងនាំឲ្យមានការវាយប្រហាររបស់ក្រុមកុលសម្ព័ន្ធផងដែរ ដូចដែលធ្លាប់បានឃើញ ក្រោយការដណ្តើមគ្រប់គ្រងជំរំ Zamzam នៅភាគខាងត្បូងប្រទេស ។
កងកម្លាំង RSF បានធ្វើការឡោមព័ទ្ធទីក្រុងមួយនេះដែលជារដ្ឋធានីរដ្ឋ North Darfur អស់រយៈពេល ១៨ខែមកហើយ ខណៈពេលដែលពួកគេប្រយុទ្ធជាមួយកងទ័ពស៊ូដង់ និងអតីតក្រុមឧទ្ទាមសម័្ពន្ធមិត្ត ហើយនិងក្រុមយុទ្ធជនក្នុងស្រុក ។
ពួកគេមានគោលដៅលើជនស៊ីវិលដោយប្រើប្រាស់យានដ្រូន និងការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ខណៈការឡោមព័ទ្ធនេះ នាំឲ្យមានភាពអត់ឃ្លាននៅក្នុងចំណោមពលរដ្ឋ ២៥ម៉ឹននាក់ដែលបន្តជាប់ខ្លួននៅតំបន់ភាគខាងលិចទីក្រុង ៕