សារព័ត៌មានផ្លូវការ ស៊ីនហួរ របស់ចិន បានរាយការណ៍កាលពីយប់ថ្ងៃចន្ទ (២៧ តុលា) ថា ប្រទេសចិន បានអំពាវនាវឱ្យប្រទេសជិតខាងរបស់ខ្លួនគឺជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន ឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងការអនុវត្តនូវការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមគ្នាផងដែរ។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចង្អុលបង្ហាញពីឱកាសដ៏កម្រនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) រូបយន្ត និងជីវវេជ្ជសាស្ត្រ ដែលនាំមកដោយបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មសកល។
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំជាមួយប្លុកអាស៊ាន ជប៉ុន និងកូរ៉េខាងត្បូងនៅម៉ាឡេស៊ី លោក Li បានលើកឡើងថា ប្រទេសចិន មានឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចឌីជីថល យានយន្តអគ្គិសនី និងថាមពលស្អាត។ លោកបន្តថា ចិន នៅតែបន្តបញ្ចេញសក្តានុពលសេដ្ឋកិច្ច ជាមួយគ្រប់ភាគី ដើម្បីស្វែងរកចំណុចអភិវឌ្ឍកាន់តែទូលំទូលាយ ហើយអព្ភូតហេតុអាស៊ីបូព៌ា មិនមែនជារឿងពីអតីតកាលទេ ប៉ុន្តែជារឿងមួយដែលកំពុងបន្តលាតត្រដាងទៅមុខ។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំអាស៊ានបូកបីនោះ នាយករដ្ឋមន្រ្តីចិនរូបនេះសង្កត់ធ្ងន់ថា "គ្រប់ភាគីត្រូវតែតស៊ូជំនះឱ្យបាន ក្នុងការដោះស្រាយការខ្វែងគំនិតឱ្យត្រឹមត្រូវតាមកិច្ចសន្ទនា និងពិគ្រោះយោបល់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងជៀសវាងការបង្កើតភាពតានតឹង និងជម្លោះដែលគ្មានរូបរាងពិតប្រាកដ"៕

