ប្លុកអាស៊ីអាគ្នេយ៍ អាស៊ាន និងប្រទេសចិន នៅថ្ងៃអង្គារ ទី២៨ ខែតុលា នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានធ្វើឱ្យកាន់តែប្រសើរឡើងជាងមុន ពោលគឺកិច្ចព្រមព្រៀងកំណែ ៣.០ របស់ភាគីទាំងពីរ ដែលរំពឹងថានឹងរួមបញ្ចូលវិស័យនានាស្តីពីឌីជីថល សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មថ្មីៗផ្សេងទៀត។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១១ប្រទេសនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ដោយពាណិជ្ជកម្មទ្វេភាគីមានចំនួនសរុបដល់ទៅ ៧៧១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៤ នេះបើយោងតាមស្ថិតិរបស់អាស៊ាន។
ចិន កំពុងស្វះស្វែងពង្រឹងវត្តមានរបស់ខ្លួនជាមួយអាស៊ាន ដែលជាតំបន់មានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣,៨សែនកោដិដុល្លារ ដើម្បីទប់ទល់នឹងពន្ធនាំចូលដ៏ច្រើន ដែលដាក់ដោយសហរដ្ឋអាមេរិក លើប្រទេសនានាជុំវិញពិភពលោក។
ឯកសារដែលគេហៅថាកំណែ ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាននេះ ត្រូវចុះហត្ថលេខាឱ្យចូលជាធរមាន ក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំប្លុកនៅម៉ាឡេស៊ី ជាទីដែលលោកប្រធានាធិបតីអាមេរិក Donald Trump ក៏បានបង្ហាញវត្តមានផងដែរកាលពីថ្ងៃអាទិត្យ នៅពេលចាប់ផ្តើមនៃដំណើរទស្សនកិច្ចអាស៊ីរបស់លោក។
ចិន ធ្លាប់និយាយថា កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការទទួលបានទីផ្សារកាន់តែប្រសើរឡើងក្នុងវិស័យដូចជា កសិកម្ម សេដ្ឋកិច្ចឌីជីថល និងឱសថជាដើម រវាងចិន និងអាស៊ាន៕

