ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានប្រកាសថា ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំនេះ ។
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ក្រោយពីដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាបណ្ដោះអាសន្ន នៅខែកក្កដាហើយនោះ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ខែកញ្ញា ឆ្នាំ២០២២ ។
ឯកឧត្តម បានបន្ថែមថា ស្ពានឆ្លងកាត់ទន្លេ ពីរាជធានីភ្នំពេញ-ស្វាយជ្រុំ បានសិក្សាចប់សព្វគ្រប់ ហើយ ដោយក្រសួងកំពុងសិក្សាជាមួយកូរ៉េ ដើម្បីជ្រើសរើសប្រភេទស្ពានណាមួយសម្រាប់សាងសង់។
ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕អត្ថបទ៖ បាន សុខរិទ្ធ

