យោធារបស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទ (២៧ តុលា) ថា សអ៊ុយក្រែន កំពុងតែប្រញាប់ប្រញាល់ក្នុងការដាក់ពង្រាយកម្លាំងបន្ថែមដើម្បីពង្រឹងទីតាំងឈរជើងរបស់ខ្លួននៅក្នុងទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រដ៏សំខាន់នៅភាគខាងកើត ខណៈកងទ័ពរុស្ស៊ី ប្រហែលជា ២០០នាក់ បានជ្រៀតចូលក្នុងទីក្រុងនេះជាក្រុមតូចៗ។

នាយសេនាធិការរបស់អ៊ុយក្រែន បានរាយការណ៍ពីការផ្ទុះអាវុធធុនតូច និងការដាក់ពង្រាយយ៉ាងសកម្មនៃយានដ្រូន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ក្រុមវាយប្រហាររបស់ខ្លួន កំពុងព្យាយាមសម្រុកឆ្ពោះទៅក្បែរស្ថានីយ៍រថភ្លើងនៃទីក្រុងនេះ។
កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងទីក្រុង Pokrovsk និងនៅតាមដងផ្លូវឆ្ពោះទៅជិតទីក្រុង ចំណែកភស្តុភារកំពុងតែជួបការលំបាក ប៉ុន្តែកងទ័ពត្រូវតែបន្តកម្ទេចសត្រូវ (ដោយសំដៅលើកងកម្លាំងរុស្ស៊ី)។

គួរឱ្យដឹងថា រុស្ស៊ីមានបំណងកាន់កាប់ក្រុង Pokrovsk ដែលជាផ្នែកសំខាន់នៃខ្សែការពាររបស់ទីក្រុងគីវ អស់រយៈពេលជាច្រើនខែមកហើយ ដោយមើលឃើញថា ក្រុងនេះជាចំណុចដ៏សំខាន់បំផុតសម្រាប់ការវាយរុញរបស់ខ្លួនដើម្បីដណ្តើមយកតំបន់ Donetsk របស់អ៊ុយក្រែន ទាំងមូល៕