បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមជំរើសជាតិអេហ្ស៊ីប Trezeguet បានចាកចេញពី Aston Villa ហើយផ្លាស់ទៅកាន់ក្លិបទួកគី Istanbul Basaksehir ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ១ប្រកួតប៉ុណ្ណោះជាមួយ Aston Villa នៅ English Premier League រដូវកាលនេះបន្ទាប់ពីមានរបួសជង្គង់កាលពីខែមេសាឆ្នាំមុន។

Trezeguet គឺជាសមាជិកក្រុមជំរើសជាតិអេហ្ស៊ីបដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations តែចាញ់សេណេហ្កាល់។ Trezeguet បានបង្ហាញគ្រប់ប្រកួតទាំងអស់ឱ្យអេហ្ស៊ីប និងជាអ្នកស៊ុតគ្រាប់ជ័យជំនះលើម៉ារ៉ុកនៅវគ្គ ៨ក្រុមចុងក្រោយផងដែរ។ រំលឹកថា Trezeguet ក៏ធ្លាប់មានអាជីពនៅទឹកដីទួកគីដែរជាមួយក្លិប Kasimpasa មុនពេលផ្លាស់មកកាន់ Aston Villa កាលពីឆ្នាំ២០១៩។ Istanbul Basaksehir កំពុងឈរលេខ ៥ នៅក្របខណ្ឌលីគកំពូលទួកគី៕
អត្ថបទ៖នាង សុភាវុធ