ក្រសួងការបរទេសចិនបាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិកអាចជួបគ្នារៀបចំសម្រាប់អន្តរកម្មកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ ។

យោងតាមក្រសួងខាងលើ លោក Wang បាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិក លោកDonald Trump មានការផ្លាស់ប្តូរយោបល់គ្នា និងគោរពគ្នាទៅវិញទៅមកជាយូរមកហើយ ដោយបានហៅទំនាក់ទំនងរបស់លោក Xi និងលោក Trump ថាជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក។
ជំនួបតាមទូរស័ព្ទនេះ បានធ្វើឡើងមុនពេលកិច្ចប្រជុំដែលរំពឹងទុករវាងលោក Xi និងលោក Trump ក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។
ចំណែកក្រសួងការបរទេសសហរដ្ឋអាមេរិកវិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Rubio និងលោក Wang បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន និងកិច្ចប្រជុំនាពេលខាងមុខ រវាងមេដឹកនាំប្រទេសទាំងពីរ ដោយពុំបានផ្តល់ព័ត៌មានលម្អិតទេ។
មានការផ្ទុះឡើងនៃជម្លោះពាណិជ្ជកម្មថ្មីរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីស្ងប់ស្ងាត់ទាក់ទងគ្នាមួយរយៈពេល ដោយទីក្រុងប៉េកាំងបានពង្រីកការគ្រប់គ្រងលើរ៉ែកម្ររបស់ខ្លួន ហើយក្រុងវ៉ាស៊ីនតោនបានដំឡើងថ្លៃកំពង់ផែបន្ថែមលើនាវាចិន ដែលបង្កឱ្យមានរលកនៃវិធានការតបតទៅវិញទៅមក៕

