នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ទីក្រុងឡុងដ៍្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងអឺរ៉ុប(Eurofighters) ទៅឱ្យប្រទេសទួរគីដែលជាសមាជិកណាតូ ក្នុងកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំមានតម្លៃជិត១១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ (២៧ តុលា) ជាមួយប្រធានាធិបតី លោក Recep Tayyip Erdogan ។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានពណ៌នាអំពីការបញ្ជាទិញនេះ ដែលនឹងពាក់ព័ន្ធយន្ត ចម្បាំងអឺរ៉ុប(Eurofighters) ចំនួន២០គ្រឿង ជា «កិច្ចព្រមព្រៀងយន្តហោះចម្បាំងធំបំផុតក្នុងជំនាន់នេះ» ដោយនិយាយថា វានឹងពង្រឹងសមត្ថភាពប្រយុទ្ធរបស់ប្រទេសទួរគី និងពង្រឹង «ភាពរឹងមាំរបស់ណាតូនៅក្នុងតំបន់ដ៏សំខាន់»។ លោក Starmer បាននិយាយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថា «ចក្រភពអង់គ្លេសនឹងផ្តល់ឱ្យប្រទេសទួរគីនូវយន្តហោះចម្បាំងអឺរ៉ុប(Eurofighter Typhoon) ថ្មីចំនួន២០គ្រឿង ជាមួយនឹងជម្រើសក្នុងការផ្តល់បន្ថែមទៀតនាពេលអនាគត»។

លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹង «ពង្រឹងសន្តិសុខនៅទូទាំងសម្ព័ន្ធយោធា NATO ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរបស់យើង និងជំរុញកំណើនសេដ្ឋកិច្ចនៅទួរគី និងក្នុងចក្រភពអង់គ្លេស ដោយធានាបាននូវការងារចំនួន២០.០០០កន្លែងនៅចក្រភពអង់គ្លេស និងផលិតយន្តហោះចម្បាំងទំនើប»។ លោក Erdogan បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា «សញ្ញាថ្មីនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ» ជាមួយចក្រភពអង់គ្លេស។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ដែលបានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ាជាមួយលោក Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះមាន «ហួសពីកិច្ចព្រមព្រៀងយន្តហោះ»ទៅទៀត។