ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសើរមេដឹកនាំស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន គឺលោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ ក្នុងថ្ងៃអង្គារ (២៨ តុលា) នេះ ដោយស្វាគមន៍ការសន្យារបស់លោកស្រីក្នុងការពន្លឿនវិស័យយោធា ហើយក៏បានសាទរ "សម្ព័ន្ធមិត្តក្នុងកម្រិតរឹងមាំបំផុត" ស្របពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ។

ចំណែកលោកស្រី Takaichi វិញបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការសម្រេចបាននូវយុគមាសថ្មីនៃសម្ព័ន្ធភាពជប៉ុន-អាមេរិក ជាមួយលោក Trump ដោយនិយាយថា "ទាំងជប៉ុន និងអាមេរិក នឹងកាន់តែខ្លាំងក្លាឡើង ហើយក៏កាន់តែរីកចម្រើនឡើងផងដែរ"។
លោក Trump បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការទិញយុទ្ធោបករណ៍ការពារជាតិរបស់អាមេរិកបន្ថែមទៀត ខណៈលោកស្រី Takaichi បាននិយាយថា តួនាទីរបស់លោក Trump ក្នុងការធានាបាននូវបទឈប់បាញ់ក្នុងជម្លោះជាច្រើន គឺជាសមិទ្ធិផល "ដែលមិនធ្លាប់មានពីមុនមក"។
ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា៖ លោកស្រី Takaichi — ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតមេដឹកនាំជប៉ុន Shinzo Abe ដែលជាមិត្តនិងជាដៃគូកីឡាវាយកូនហ្គោលរបស់លោក Trump — បានលើកឡើងថា លោកស្រីនឹងស្នើឈ្មោះប្រធានាធិបតីអាមេរិករូបនេះ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

