អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ (២៧ តុលា) ថា កាកបាទក្រហមអន្តរជាតិ បានប្រគល់សាកសពរបស់ចំណាប់ថ្នូរស្លាប់ម្នាក់ទៀតពីក្នុងដៃក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ទៅឱ្យយោធាអ៊ីស្រាអែលរួចរាល់ហើយ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

ប្រសិនបើអត្តសញ្ញាណរបស់ចំណាប់ថ្នូរនេះត្រូវបានបញ្ជាក់ នោះមានន័យថា នៅសល់សាកសពចំណាប់ថ្នូរ ១២នាក់ទៀតនៅហ្កាហ្សា។ ក្រុមហាម៉ាស បានលើកពីឧបសគ្គក្នុងការកំណត់ទីតាំងសាកសពក្រោមគំនរបាក់បែកដែលបន្សល់ទុកដោយសង្រ្គាម ហើយប្ដេជ្ញាបង្កើនការស្វែងរក។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះដឹងច្បាស់ណាស់ថាសាកសពនៅទីណា។
ការស្វែងរក និងប្រគល់សពចំណាប់ថ្នូរដែលស្លាប់នៅហ្កាហ្សា គឺជាឧបសគ្គមួយចំពោះផែនការសន្តិភាពហ្កាហ្សា របស់ប្រធានាធិបតីអាមេរិក Donald Trump។ អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានអនុញ្ញាតឱ្យក្រុមបច្ចេកទេសអេហ្ស៊ីប ចូលទៅហ្កាហ្សាដើម្បីជួយកាកបាទក្រហម ក្នុងការកំណត់ទីតាំងសព។
ក្រុមនេះនឹងប្រើប្រាស់យានជីកកកាយ និងរថយន្តដឹកទំនិញ សម្រាប់ការស្វែងរកហួសពី "បន្ទាត់ពណ៌លឿង" នៅហ្កាហ្សា ដែលកងទ័ពអ៊ីស្រាអែលបានដកថយដំបូង ក្រោមផែនការរបស់លោក Trump៕

