មនុស្សរាប់រយនាក់បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី២៧ ខែតុលា ដើម្បីប្រារព្ធនូវអ្វីដែលពួកគេហៅថា «ទិវា Kashmir Black Day» ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជននៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា និងអំពាវនាវឱ្យអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងថ្ងៃខួប នៃថ្ងៃទី២៧ ខែតុលាឆ្នាំ១៩៤៧ នៅពេលដែលអ្នកគ្រប់គ្រងតំបន់ Jammu និង Kashmir លោក Maharaja Hari Singh បានចុះហត្ថលេខាលើការអនុវត្តដំណើរការដើម្បីចូលរួមជាមួយប្រទេសឥណ្ឌា។ ថ្ងៃនេះត្រូវបានគេចាត់ទុកថាជាថ្ងៃខ្មៅ«Black Day» នៅប្រទេសប៉ាគីស្ថាន និងតំបន់Kashmir គ្រប់គ្រងដោយប៉ាគីស្ថាន ខណៈនៅក្នុងប្រទេសឥណ្ឌាត្រូវបានគេសម្គាល់ថាជាថ្ងៃនៃដំណើរការចូលរួមជាមួយគ្នា។

ថ្លែងទៅកាន់ហ្វូងមនុស្ស រដ្ឋមន្ត្រីសហព័ន្ធរបស់ប្រទេសប៉ាគីស្ថានទទួលបន្ទុកកិច្ចការតំបន់ Kashmir លោក Amir Muqam បាននិយាយថា សន្តិភាពនៅក្នុងតំបន់គឺពឹងផ្អែកលើការអនុវត្តសេចក្តីសម្រេចបស់អង្គការសហប្រជាជាតិ។ តំបន់កាស្មៀហិម៉ាឡៃ ត្រូវបានបែងចែករវាងប្រទេសប៉ាគីស្ថាន និងប្រទេសជិតខាងឥណ្ឌាដែលជាគូប្រជែង ជាទឹកដីមានជម្លោះ ចាប់តាំងពីប្រទេសទាំងពីរទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៧។