អង្គការសហប្រជាជាតិ និងប្រទេសបារាំង បានថ្កោលទោសអ៊ីស្រាអែល ដែលបានវាយប្រហារលើកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅភាគខាងត្បូងប្រទេសលីបង់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារកាលពីថ្ងៃមុនទៅលើកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ពាក់ព័ន្ធនឹងយានដ្រូនរបស់អ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកនៅក្នុងតំបន់ជុំវិញនៃដែនល្បាត ហើយរថក្រោះបានបាញ់ទៅលើកងរក្សាសន្តិភាពជិតទីក្រុងព្រំដែន Kfar Kila ដែលនេះបង្ក «គ្រោះថ្នាក់ខ្លាំង»។

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុនរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។ អ៊ីស្រាអែល បានរំលោភលើបទឈប់បាញ់ស្ទើរតែរាល់ថ្ងៃ។
ក្រសួងកិច្ចការបរទេសនិងអឺរ៉ុបរបស់ប្រទេសបារាំង ក៏បានថ្កោលទោស «ការបាញ់ប្រហាររបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើកងកម្លាំងរបស់អង្គការសហប្រជាជាតិ UNIFIL» ហើយបាននិយាយថាឧបទ្ទវហេតុ បានកើតឡើងក្រោយការវាយប្រហារស្រដៀងគ្នាកាលពីថ្ងៃទី ១ ទី២ និងទី១១ ខែតុលា។
លោក Dujarric បាននិយាយថា «វាមិនមែនជាលើកទីមួយទេ ដែលយើងគិតថា ពួកយើងត្រូវបានគេដាក់គោលដៅតាមវិធីផ្សេងៗគ្នាដោយកងទ័ពអ៊ីស្រាអែល រួមមានទាំងការបាញ់ព្រមាន។ លោកនិយាយថា សហការីរបស់លោកនៅក្នុងកងកម្លាំងអង្គការសហប្រជាជាតិ UNIFIL បានទាក់ទងជាមួយយោធាអ៊ីស្រាអែល ដើម្បី «តវ៉ាយ៉ាងខ្លាំងក្លា» ប្រឆាំងការវាយប្រហារនេះ។