ក្រសួងការពារជាតិរុស្ស៊ី និងអភិបាលក្រុងមូស្គូ បាននិយាយនៅថ្ងៃអង្គារ (២៨ តុលា) នេះថា អ៊ុយក្រែន បានកំណត់គោលដៅលើទីក្រុងមូស្គូទៀតហើយ ជាមួយនឹងការវាយប្រហារដោយយានដ្រូន នៅក្នុងយប់ទីពីរជាប់ៗគ្នានៃប្រតិបត្តិការយោធាផ្លូវអាកាស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ចំនួន ១៧គ្រឿង អស់ពេលពេញមួយយប់ ដោយក្នុងនោះមាន ១គ្រឿងបានហោះឆ្ពោះទៅទីក្រុងមូស្គូ និង ១៣គ្រឿងនៅលើតំបន់ Kaluga ដែលមានព្រំប្រទល់ជាប់តំបន់មូស្គូ ឆ្ពោះភាគឦសាន។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា សេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលកម្ទេចកម្ទីយានដ្រូនបានធ្លាក់ នៅក្នុងទីក្រុងមូស្គូ។ អាជ្ញាធរតំបន់ Bryansk របស់រុស្ស៊ី ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែននៅភាគខាងលិច និយាយថា មនុស្សមួយចំនួនរងរបួស។

មិនមានរបាយការណ៍ពីការខូចខាតធំដុំទេ ប៉ុន្តែរុស្ស៊ី កម្របង្ហាញទំហំពេញលេញនៃការវាយប្រហាររបស់អ៊ុយក្រែន ក្នុងទឹកដីរបស់ខ្លួនណាស់ លុះត្រាតែជាជនស៊ីវិល ឬមានគោលដៅស៊ីវិលចូលរួម។ ភាគីជម្លោះទាំងពីរ បានបដិសេធថាមិនកំណត់គោលដៅលើជនស៊ីវិលឡើយ ប៉ុន្តែមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះជាច្រើនឆ្នាំមកនេះ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន៕