បណ្ដាគណបក្ស ដែលត្រូវបានអនុម័តឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតរៀបចំដោយរបបយោធារបស់សហភាពមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើមធ្វើយុទ្ធនាការនៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះ ពោលគឺមានរយៈពេល ២ខែ នៅមុនការបោះឆ្នោតមួយដែលត្រូវបានបដិសេធ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយត្រូវបានចាត់ទុកថា ជាចំណាត់ការ ដើម្បីធ្វើឲ្យការគ្រប់គ្រងយោធាស្របច្បាប់។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិល ចាប់តាំងពីយោធា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយបានទម្លាក់ និងដាក់ពន្ធនាគារមេដឹកនាំប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi បន្ទាប់ពីគណបក្សរបស់លោកស្រី បានឈ្នះការបោះឆ្នោតចុងក្រោយ ដោយចំនួនដ៏លើសលប់។

របបយោធា បានបាត់បង់តំបន់យ៉ាងធំធេងរបស់ប្រទេសទៅក្នុងដៃក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល ប៉ុន្តែបានចាត់ទុកការបោះឆ្នោតថា ជាផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ។ ក្រុមឧទ្ទាមបានសម្រេចធ្វើពហិការមិនចូលរួមការបោះឆ្នោត នៅក្នុងតំបន់ដ៏ធំដែលពួកគេគ្រប់គ្រង ខណៈដែលក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានរិះគន់លក្ខខណ្ឌដ៏តឹងរ៉ឹងនៃការបោះឆ្នោតនៅក្នុងតំបន់គ្រប់គ្រងដោយរបបយោធា។
ការបោះឆ្នោតនេះ នឹងមាន ៥៧គណបក្ស នៅលើសន្លឹកឆ្នោត នៅពេលដែលការបោះឆ្នោតកើតឡើងជាដំណាក់កាល ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ។ តែគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យដ៏មានប្រជាប្រិយរបស់លោកស្រី Suu Kyi ដែលទទួលបាន ៨២ភាគរយនៃអាសនៈជាប់ឆ្នោត អំឡុងការបោះឆ្នោតចុងក្រោយ នៅឆ្នាំ២០២០ នឹងមិនស្ថិតក្នុងចំណោមគណបក្សទាំងនោះទេ ដោយសារតែរបបយោធាបានរំលាយគណបក្សនេះ បន្ទាប់ពីបានដាក់ពន្ធនាគារលោកស្រី និងចោទប្រកាន់ដោយគ្មានភស្តុតាងថា បានបន្លំសន្លឹកឆ្នោត។
គណបក្សសម្ព័ន្ធសហជីព និងអភិវឌ្ឍន៍ដែលគាំទ្រយោធា គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដោយបង្ហាញផ្ទាំងប៉ាណូបោះឆ្នោត នៅក្នុងរដ្ឋធានី Naypyidaw ខណៈដែលការផ្សាយពីគណបក្ស នឹងចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅពេលល្ងាច។ តែយ៉ាងណាក្ដី យុទ្ធនាការឃោសនាបោះឆ្នោតនេះ ត្រូវបានគេរំពឹងថា ដោយទូទៅ នឹងមិនសូវជាសកម្មនោះឡើយ ដោយមានការរឹតបន្តឹងសន្តិសុខខ្លាំង ចំពេលមានសង្គ្រាមស៊ីវិល៕
