បើយោងតាមប្រភពសន្តិសុខប៉ាគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះថា កិច្ចចរចា រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេលវែង បានបញ្ចប់ដោយគ្មានដំណោះស្រាយអ្វីឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន និងកងទ័ព និងរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ។
គួរបញ្ជាក់ថា ការចរចានេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងដោះស្រាយវិបត្តិ រវាងប្រទេសទាំង២ «ឲ្យបានឆាប់រហ័ស»។ តែយ៉ាងណាក្ដី ភាពតានតឹង នៅតាមព្រំដែននៅតែមានកម្រិតខ្ពស់ បន្ទាប់ពីមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យទាហាន និងជនស៊ីវិលរាប់សិបនាក់ពីភាគីទាំង២ បាត់បង់ជីវិត។
ប្រទេសប៉ាគីស្ថានបានចោទប្រកាន់ជាយូរមកហើយថា ក្រុមតាលីបង់បានអនុញ្ញាតឲ្យពួកយុទ្ធជនរបស់ខ្លួនប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារឆ្លងព្រំដែន ជាការចោទប្រកាន់ដែលទីក្រុងកាប៊ុលបដិសេធ។
ការចរចាជុំចុងក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុលនេះ ត្រូវបានសម្របសម្រួលដោយកាតា និងក្រោមការគាំទ្ររបស់រដ្ឋាភិបាលទួរគី ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់យូរអង្វែង៕

