ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta និង TikTok បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះថា ខ្លួននឹងគោរពតាមបម្រាមមិនឲ្យប្រើប្រាស់បណ្ដាញសង្គមរបស់ប្រទេសអូស្ត្រាលី ចំពោះក្មេងអាយុក្រោម ១៦ឆ្នាំ ប៉ុន្តែបានព្រមានថា ច្បាប់ដ៏ធំនេះ អាចមានការលំបាកក្នុងការអនុវត្តតាម។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែធ្នូតទៅ ប្រទេសអូស្ត្រាលី នឹងតម្រូវឲ្យបណ្ដាញសង្គមនានា ដូចជា Facebook, Instagram និង TikTok លុបអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ។
មានការចាប់អារម្មណ៍យ៉ាងខ្លាំងថា តើការរឹតបន្តឹងយ៉ាងខ្លាំងរបស់អូស្ត្រាលីនេះ អាចដំណើរការបានដែរ ឬយ៉ាងណា ខណៈដែលនិយតករជុំវិញពិភពលោក ជួបការលំបាកក្នុងប្រយុទ្ធនឹងគ្រោះថ្នាក់ពីការប្រើប្រាស់បណ្ដាញសង្គម។
ទាំង TikTok និង Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook និង Instagram បានឲ្យដឹងថា ការហាមប្រាមនឹងពិបាកក្នុងការអនុវត្ត ប៉ុន្តែបានយល់ព្រមថា ពួកគេនឹងគោរពតាមច្បាប់នេះ៕
