ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃចន្ទ (ទី២៧ ខែតុលា) ថា ទីក្រុង al-Fashir របស់ប្រទេសស៊ូដង់ ស្ថិតក្នុង «ស្ថានភាពគ្រោះថ្នាក់បំផុត» ដោយលទ្ធភាពកើនឡើងនូវ «ការរំលោភបំពាន និងអំពើឃោរឃៅដែលបង្កដោយជាតិសាសន៍» បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ បានអះអាងពីការគ្រប់គ្រងទីក្រុងនេះបានទាំងស្រុង។
ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ មក ទីក្រុង al-Fashir ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានធ្វើសង្រ្គាមយ៉ាងខ្លាំងក្លាជាមួយកងទ័ពរបស់ប្រទេសស៊ូដង់អស់រយៈពេលជាង ២ឆ្នាំ។

RSF បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ខ្លួនបានដណ្ដើមគ្រប់គ្រងទាំងស្រុងលើទីក្រុង al-Fashir ដែលជាទីក្រុងដ៏សំខាន់ចុងក្រោយ នៅក្នុងតំបន់ Darfur ភាគខាងលិច ជាចំណុចផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងសង្គ្រាមស៊ីវិលដែលមានមិនឈប់ឈររបស់ប្រទេសនេះ។
ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហានិភ័យនៃការរំលោភបំពាន និងអំពើឃោរឃៅទ្រង់ទ្រាយធំ និងបង្កឡើងដោយជាតិសាសន៍នៅក្នុងទីក្រុង al-Fashir កំពុងតែកើនឡើងជាបន្តបន្ទាប់»។
លោក Turk បានបញ្ជាក់ថា ការិយាល័យរបស់លោក បានទទួលរបាយការណ៍សង្ខេប អំពីការប្រហារជីវិតជនស៊ីវិលដែលព្យាយាមរត់ភៀសខ្លួន ដោយមានការបង្ហាញពីការជំរុញទឹកចិត្តពីជនជាតិភាគតិច សម្រាប់ការសម្លាប់ទាំងនោះ៕


