កូរ៉េខាងជើង៖ កាលពីថ្ងៃអង្គារប្រទេសកូរ៉េខាងជើងបានអួតក្ដែងៗថា ខ្លួនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលទំនើបៗ ហើយក៏ជាប្រទេសតែមួយគត់ដែរដែលហ៊ានងើបមុខប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយបានអង្រួនពិភពលោកដោយសារតែការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។

ភាពតានតឹងពីអន្តរជាតិបានកំពុងកើនឡើង ជុំវិញការបាញ់សាកល្បងមីស៊ីលបាលីស្ទីកជាបន្តបន្ទាប់ និងសកម្មភាពផ្សេងៗរបស់កូរ៉េខាងជើង ដែលត្រូវបានហាមប្រមាមដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីខែមករាកន្លងទៅនេះគឺជាខែដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដ៏ច្រើនបំផុតដល់ទៅ ៧លើកក្នុងពេលតែ ១ខែដើមឆ្នាំ២០២២ នេះ រួមទាំងប្រភេទមីស៊ីលថ្មីល្បឿនលឿងជាងសំឡេងដែលអាចរត់ក្នុងល្បឿនយ៉ាងលឿន។ ក្នុងចំណោមការសាកល្បងទាំងនោះក៏មានការបាញ់ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ២០១៧ មកនោះគឺមីស៊ីលអន្តរទ្វីបបាលីស្ទីករយៈចម្ងាយមធ្យម Hwasong-12 ដែលមានសមត្ថភាពវាយប្រហារដល់ដែនដីមួយចំនួន របស់សហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
សេចក្ដីថ្លែងការណ៍មួយពីក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ការបាញ់សាកល្បងជាបន្តបន្ទាប់ចាប់តាំងពីចូលឆ្នាំមក បានបង្ហាញសមិទ្ធផលដ៏អស្ចារ្យដែលបានពង្រឹងសមត្ថភាពយោធា ទប់ទល់នឹងសង្គ្រាមពីប្រទេសជាសត្រូវរបស់កូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍ដដែលក៏បានរម្លឹកផងដែរពីមីស៊ីលឈ្មោះ Hwasong-15 ដែលជាមីស៊ីលអន្តរទ្វីបបាលីស្ទីករយៈចម្ងាយឆ្ងាយបំផុត (ICBM) ដែលកូរ៉េខាងជើងធ្លាប់បានបាញ់ជាលើកដំបូងកាលពីឆ្នាំ២០១៧ ហើយត្រូវគេជឿថា ជាប្រភេទមីស៊ីលដែលអាចនាំក្បាលគ្រាប់នុយក្លេអ៊ែរ ទៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន