នៅថ្ងៃអង្គារនេះ ផ្សែងអ័ព្ទពុលបានហ៊ុមព័ទ្ធរដ្ឋធានីញូវដែល្លី របស់ប្រទេសឥណ្ឌា ពេលដែលគុណភាពខ្យល់ស្ថិតក្នុងកម្រិតគ្មានសុខភាពខ្លាំងនៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីមួយនេះ ។
រដ្ឋធានីដែល្លី និងតំបន់ជុំវិញ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ និងខ្យល់ធ្ងន់ទាក់ជាប់ធូលីសំណង់ ការបំភាយឧស្ម័នរថយន្ត និងផ្សែងបង្កឡើងពីការដុតកាកសំណល់កសិកម្ម ធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋ ២០លាននាក់នៅក្នុងទីក្រុងមួយនេះ កើតមានបញ្ហាផ្លូវដង្ហើម ។

ខណៈពេលនោះដែរ ផ្សែងអ័ព្ទពុលបន្តគ្របដណ្តប់ទីក្រុង Lahore របស់ប្រទេសជិតខាងប៉ាគីស្ថាន ជំរុញឲ្យគុណភាពខ្យល់នៅទីក្រុងមួយនេះ ឡើងដល់កម្រិតជិតគ្រាអាសន្ន បើទោះបីជាក្រុមអាជ្ញាធរបរិស្ថានប្រកាសបង្កើនកិច្ចខិតខំរបស់ពួកគេក្នុងការពិន័យអ្នកបង្កកង្វក់បរិយាកាសក៏ដោយ ។
សន្ទស្សន៍គុណភាពខ្យល់សម្រាប់ទីក្រុងនៅភាគខាងកើតប៉ាគីស្ថានមួយនេះ បានឡើងដល់កម្រិត ៣៨៨ កាលពីវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ធ្វើឲ្យកង្វក់បរិយាកាសនេះស្ថិតក្នុងកម្រិតគ្រោះថ្នាក់ និងបង្កជាក្តីបារម្ភដល់សុខភាពមនុស្សរាប់លាននាក់ ។
ក្រុមអាជ្ញាធរបានដាក់ការស្តីបន្ទោសការកើនឡើងកម្រិតកង្វក់បរិយាកាសនេះលើកង្វក់ក្នុងស្រុក និងកង្វក់រសាត់ឆ្លងកាត់ព្រំដែន ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Lahore បានដាក់ការស្តីបន្ទោសកង្វក់បរិយាកាសនេះលើរោងចក្រដែលបានដុតថង់ប្លាស្ទិក និងកាកសំណល់ផ្សេងទៀត ៕
