ប្រមុខអាជ្ញាធរការបរទេសកោះតៃវ៉ាន់លោក Lin Chia-lung និយាយនៅថ្ងៃអង្គារនេះថា ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកនៅមានស្ថិរភាព ហើយនិងមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងភាគីទាំង ២ ។
លោកបានថ្លែងបែបនេះ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយមុនជំនួបក្នុងសប្តាហ៍នេះរបស់ប្រធានាធិបិតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅប្រទេសកូរ៉េខាងត្បូង ។

ចាប់តាំងពីឡើងកាន់តំណែងកាលពីដើមឆ្នាំនេះ លោក Trump ប្រែប្រួលចិត្តលើគោលជំហររបស់លោកចំពោះកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ស្របពេលដែលលោកព្យាយាមឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ។
លោក Trump និយាយថា លោក Xiនិយាយប្រាប់លោកថា គាត់នឹងមិនឈ្លានពានកោះតៃវ៉ាន់នោះទេ ខណៈមេដឹកនាំមកពីគណបក្សសាធារណរដ្ឋរូបនេះនៅកាន់អំណាច ប៉ុន្តែលោក Trumpនៅពុំទាន់ឯកភាពនោះទេចំពោះការលក់អាវុធថ្មីណាមួយរបស់សហរដ្ឋអាមេរិកដល់ទីក្រុងតៃប៉ិ ។
ក្តីបារម្ភនៅទីក្រុងតៃប៉ិដែលមាននូវការគាំទ្រពុំផ្លូវការខ្លាំងពីទីក្រុងវ៉ាស៊ីនតោន គឺថា ជំនួបរវាងលោក Trump និងលោក Xi ក្នុងសប្តាហ៍នេះនៅកូរ៉េខាងត្បូង នៅក្រៅកិច្ចប្រជុំកំពូល APEC អាចនឹងមើលឃើញលោក Trump លក់ផលប្រយោជន៍កោះតៃវ៉ាន់ឲ្យទៅលោក Xi ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកដូចគ្នានឹងប្រទេសភាគច្រើនដទៃទៀតដែរ ពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ៕
