ក្រសួងបរិស្ថាន នៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះ បានឲ្រដឹងថា មនុស្សរាប់ពាន់នាក់ នៅប្រទេសវៀតណាម ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីកម្ពស់ទឹកភ្លៀងខ្ពស់បំផុតជាង ១ម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោង បានជន់លិចកណ្តាលទីក្រុងមួយ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានីយ៍វាស់ស្ទង់ចំនួន ៣កន្លែង នៅក្នុងទីក្រុង Hue បានកត់ត្រាកម្រិតទឹកភ្លៀងកម្ពស់ពី ១ម៉ែត្រ ដល់ ១,៧ម៉ែត្រ ដែលបានធ្លាក់ក្នុងរយៈពេលត្រឹម ២៤ម៉ោង ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។ កំណត់ត្រាកម្ពស់ទឹកភ្លៀងរយៈពេល ២៤ម៉ោង កាលពីមុន គឺ ០,៩៩ម៉ែត្រដែលមាននៅទីក្រុង Hue នេះ ក្នុងឆ្នាំ១៩៩៩។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បានជន់លិចតំបន់ឆ្នេរភាគកណ្តាលរបស់ប្រទេសវៀតណាម ចាប់តាំងពីចុងសប្តាហ៍កន្លងមក ដោយបានជំរុញឲ្យមានការបិទសាលារៀន ហើយទឹកជំនន់បានជន់លិចអតីតទីក្រុងស្ដេច គឺ Hue ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។
ហើយបើយោងតាមក្រសួងបរិស្ថាន បានឲ្យដឹងថា មនុស្សជាង ៨.៦០០នាក់ ក្នុងខេត្តភាគកណ្តាលចំនួន ៤ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងអគារសាធារណៈផ្សេងទៀត ចាប់តាំងពីថ្ងៃសៅរ៍ ដោយសារតែហានិភ័យពីការមានទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី។
លោក Mai Van Khiem ប្រធានមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករធនធានជលសាស្ត្រ និងឧតុនិយម បានប្រាប់ឲ្យដឹងថា៖ «កម្រិតនៃហានិភ័យគ្រោះធម្មជាតិ ដោយសារទឹកជំនន់គំហុកភ្លាមៗ និងបំណាក់ដី គឺស្ថិតក្នុងកម្រិតខ្ពស់បំផុត»។ លោកបានបន្ថែមថា ភ្លៀងបន្ថែមទៀត ត្រូវបានព្យាករមាននៅខេត្តភាគកណ្តាល រហូតដល់ថ្ងៃពុធ។
សាលារៀនមួយចំនួនត្រូវបានបិទនៅក្នុងទីក្រុង Hue និង Danang តាំងពីថ្ងៃសៅរ៍ ខណៈដែលផ្លូវដែកដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេស ត្រូវបានពន្យារពេលដោយសារទឹកជំនន់៕

