ភ្នំពេញ៖ សហជីពទូទាំងប្រទេសចិន សហការជាមួយ CWCIE បានផ្ដល់អំណោយជា សម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើន ជូនដល់សភាសម័្ពន្ធសហជីពជាតិកម្ពុជា។ ពិធីប្រគល់ ទទួលសម្ភារៈទាំងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៩ខែកុម្ភៈ តាមប្រព័ន្ធអនឡាញជាមួយភាគីចិន។
សភាសម័្ពន្ធសហជីពជាតិកម្ពុជា នៅថ្ងៃនេះបានរៀបចំពិធីប្រគល់-ទទួលអំណោយជាសម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារសិក្សាជាច្រើន ពីភាគីប្រទេសចិន។ អំណោយទាំងនេះ ជាការផ្ដល់ជូនដោយ សហជីពទូទាំងប្រទេសចិន សហការជាមួយ CWCIE ដើម្បីប្រើប្រាស់ទៅតាមគោលដៅ។
ក្នុងពិធីប្រគល់-ទទួលសម្ភារៈអំណោយទាំងនេះ លោក សួង ហួត ជាប្រធានសភាសម័្ពន្ធសហជីពជាតិកម្ពុជា បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានបន្តផ្ដល់ជាសម្ភារៈចាំបាច់ទាំងនេះ ជូនសភាសម័្ពន្ធសហជីពជាតិកម្ពុជា។
លោកថាសម្ភារទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សាជាច្រើននេះ គឺមានសារៈសំខាន់ជាខ្លាំងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ លោកបន្តសម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សា នឹងប្រគល់ជូនបន្តទៅសហព័ន្ធ សហភាព និងឈានដល់កម្មករកម្មការិនី រីឯសម្ភារៈសិក្សាគឺប្រគល់ជូនសាលាដែលនៅតំបន់ដាច់ស្រយាល។
សម្ភារៈដែលសភាសម័្ពន្ធសហជីពជាតិកម្ពុជាទទួលបាននាថ្ងៃនេះ រួមមានម៉ាសការពារចំនួន ៣០ម៉ឺនម៉ាស ឧបករណ៍តេស្តរហ័សចំនួន ៨០០០តេស្ត និងសម្ភារៈសិក្សាចំនួន ៥០០០កញ្ចប់ រួមមាន កាបូប កន្សែងអនាម័យ ប្រេងកូឡា និងប្រដាប់ផាត់ព័ណ។
សម្រាប់ភាគីចិន បានលើកឡើងក្នុងប្រព័ន្ធ ZOOM ពីភាពសប្បាយចិត្តរបស់ខ្លួនដែលបានរួមចំណែកជួយមកដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាបន្តបន្ទាប់ និងបង្ហាញក្ដីសង្ឃឹមថាកម្ពុជា នឹងអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងបាន។
ចំពោះសម្ភារៈទប់ស្កាត់កូវីដ-១៩ និងសម្ភារៈសិក្សានេះ គឺជាលើកទី ៤ហើយ ដែលខាងភាគីចិន បានប្រគល់ជូន សម្ភារៈចាំបាច់ទាំងនេះ ក្នុងការរួមចំណែកទប់ស្កាត់កូវីដ-១៩៕ អត្ថបទ៖ គឹមហុក