លោកប្រធានាធិបតី Donald Trump និងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងបង្កើនមូលនិធិការពារជាតិ នៅពេលដែលមេដឹកនាំទាំង២ បានទៅទស្សនានាវាផ្ទុកយន្តហោះ USS George Washington នៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកភាគខាងត្បូងនៃទីក្រុងតូក្យូ ជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀចំឡើង ដើម្បីបញ្ជាក់ពីទំនាក់ទំនង រវាងប្រទេសទាំង២។

ក្នុងព្រឹត្តិការណ៍នៅឯមូលដ្ឋានទ័ពជើងទឹក Yokosuka ដែលជាទីតាំងរបស់កងនាវាទី៧ របស់សហរដ្ឋអាមេរិក (US Seventh Fleet) លោក Trump បានលើកឡើងថា៖ «សម្ព័ន្ធភាពដ៏មានតម្លៃ រវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន គឺជាទំនាក់ទំនងដ៏សំខាន់បំផុតមួយ នៅក្នុងពិភពលោក»។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិកបានបន្ថែមថា លោកទើបតែបានអនុម័តលើ «ក្រុមមីស៊ីល» ដំបូង សម្រាប់យន្តហោះចម្បាំង F-35 របស់ប្រទេសជប៉ុន។
ចំណែកលោកស្រី Takaichi បាននិយាយថា ប្រជាជាតិរបស់លោកស្រី «ប្តេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ហើយជប៉ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ លោកស្រីបានបញ្ជាក់ថា៖ «យើងកំពុងប្រឈមនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុន។ សន្តិភាពមិនអាចធានាបានដោយពាក្យសម្ដីតែម៉្យាងនោះទេ»។
ជប៉ុននៅតែពឹងពាក់ខ្លាំងលើសហរដ្ឋអាមេរិក សម្រាប់ការការពារសន្តិសុខរបស់ខ្លួន ក្រោមសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាបន្ទាប់ពីភាគីទាំង២ បានប្រយុទ្ធគ្នាក្នុងអំឡុងសង្គ្រាមលោកលើកទី២។ សន្ធិសញ្ញានេះអាចឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធា នៅជប៉ុន ដែលជាទីតាំងដ៏សំខាន់ ក្នុងការជួយដល់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើនឥទ្ធិពល នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
