ក្រុមអាជ្ញាធរនៅរដ្ឋតំបន់ឆ្នេរ Odisha និង Andhra Pradesh ប្រទេសឥណ្ឌា បានបង្កើនប្រតិបត្តិការជម្លៀសខ្លួនមនុស្ស ស្របពេលដែលព្យុះស៊ីក្លូន Montha បង្កើនកម្លាំងរបស់វានៅតាមតំបន់ឆ្នេរនាថ្ងៃអង្គារនេះ ។
ឥណ្ឌាបានជម្លៀសខ្លួនមនុស្ស ៥ម៉ឺននាក់ ទៅកាន់ជំរំជួយសង្រ្គោះបណ្តោះអាសន្នផងដែរ ពេលដែលពួកគេចាប់ផ្តើមជម្លៀសមនុស្សនៅថ្ងៃមុនពេលព្យុះ Montha បង្កើនកម្លាំងរបស់វានៅឆកសមុទ្របឹងហ្គាល់ ។

ក្រុមអាជ្ញាធរបានលុបចោលវិស្សមកាលសម្រាប់បុគ្គលិកសង្រ្គោះបន្ទាន់ ហើយនិងបញ្ជាឲ្យសាលារៀន និងមហាវិទ្យាល័យបិទទ្វារ នៅតាមតំបន់ឆ្នេរនៅរដ្ឋភាគខាងត្បូង Andhra Pradesh និងរដ្ឋភាគខាងកើត Odisha ដែលត្រូវបានគេព្យាករថា នឹងរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុក ។
នាយកដ្ឋានឧតុនិយមឥណ្ឌា រាយការណ៍ថា ព្យុះស៊ីក្លូននេះ ទំនងជាក្លាយជាព្យុះដ៏ខ្លាំងក្លានៅថ្ងៃអង្គារនេះ មុនពេលបោកបក់ឆ្លងកាត់តំបន់ឆ្នេររដ្ឋ Andhra Pradesh ។
ក្រុមគ្រោះមហន្តរាយ បានបញ្ជូនក្រុមគ្រួសារចេញពីតំបន់វាលទំនាប នៅរដ្ឋ Andhra Pradesh ជាទីដែលរដ្ឋាភិបាលរំពឹងថា មនុស្ស ៣,៩លាននាក់ រងផលប៉ះពាល់ ។
ខណៈពេលនោះដែរ ក្រុមប្រជានេសាទនៅរដ្ឋជិតខាង Odisha ត្រូវបានព្រមានឲ្យចៀសវាងពីការធ្វើដំណើរចូលក្នុងសមុទ្រ ។
ព្យុះស៊ីក្លូនតែងតែវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌាចន្លោះខែមេសា និងខែធ្នូ ។ ព្យុះស៊ីក្លូនដែលបានសម្លាប់មនុស្សជិត ១ម៉ឺននាក់ ពេលដែលវាវាយប្រហាររដ្ឋ Odishaកាលពីខែតុលា ឆ្នាំ ១៩៩៩ នៅតែស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសមួយនេះ ៕

 
	                 
	                 
	                 
                     
                         
                         
                         
                         
                     
                         
                         
                         
                         
                         
                     
                             
                         
                             
                         
                             
                         
                            