អង្គការឧតុនិយមពិភពលោក(WMO)បានព្រមាននៅថ្ងៃអង្គារនេះ ពីស្ថានភាពដ៏គ្រោះថ្នាក់នៅប្រទេសចាម៉ៃកា ពេលដែលព្យុះកំណាច Melissa បោកបក់ដល់ដីគោលនាំមកជាមួយកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿនរហូតដល់ ៣០០គ.ម ក្នុង ១ម៉ោង បង្កជាទឹកជំនន់ដ៏គំហុក និងបំណាក់ដី ធ្វើឲ្យវាក្លាយជាព្យុះដ៏អាក្រក់បំផុតវាយប្រហារប្រទេសមួយនេះ ក្នុងសតវត្សរ៍នេះ ។
អ្នកស្រី Anne-Claire Fontan គឺជាអ្នកជំនាញព្យុះស៊ីក្លូនត្រូពិកនៅ WMO និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា វាគឹជាស្ថានភាពដ៏គ្រោះថ្នាក់មួយត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងប្រទេសចាម៉ៃកា ។ សម្រាប់ចាម៉ៃការ ច្បាស់ណាស់ថា វាគឺជាព្យុះប្រចាំសតវត្ស៍ ។

អ្នកស្រីបន្តថា ការកញ្រ្ជោលឡើងរបស់ព្យុះធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៤ម៉ែត្រ ត្រូវបានគេរំពឹងនឹងកើតមាននៅពេលថ្ងៃ ហើយភ្លៀងធ្លាក់នឹងមានកម្ពស់រហូតដល់ ៧០សង់ទីម៉ែត្រ ពោលគឺមានកម្រិតទ្វេដងនៃបរិមាណទឹកភ្លៀងសរុបពេញមួយរដូវវស្សា ។
អ្នកស្រីនិយាយទៀតថា វាមានន័យថា នឹងមានទឹកជំនន់ដីគំហុក និងបំណាក់ដីដ៏គ្រោះថ្នាក់ ។
ដោយឡែក សហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិយាយថា មនុស្ស ១,៥លាននាក់ នៅក្នុងប្រទេសចាមៃកា នឹងរងផលប៉ះពាល់ដោយផ្ទាល់ដោយសារព្យុះ Melissa ៕
