ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរស់នៅរាជធានីភ្នំពេញ បាននាំគ្នាសម្រុក ទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ដើម្បីបង្កើនទំនុកចិត្តពេលប្រកបមុខរបរប្រចាំថ្ងៃ។
ជាក្រុមអាទិភាពមួយ ក្នុងចំណោមក្រុមអាទិភាពដដៃទៀត អ្នកប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រស់ នៅរាជធានីភ្នំពេញ បានប្រាប់BTVឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ជាពិសេសដូសជំរុញទី៤ ពិតជារឿង សំខាន់ ព្រោះនឹងជួយបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង។ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្តបន្ថែមទៀត ក្នុងពេលបំពេញការងារប្រចាំថ្ងៃ តាមបែបគន្លងថ្មី។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសជំរុញទី៤ជូនក្រុមអាទិភាព និងប្រជាពលរដ្ឋ បច្ចុប្បន្ន គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ រីឯបណ្តារាជធានី-ខេត្តផ្សេងទៀត នឹងចាប់ផ្តើមអនុវត្ត នៅពេលខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធាន ការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញ តាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគជ័យលើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបនឹងពលរដ្ឋ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ