ក្រុមមន្ត្រី នៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះ បានឲ្យដឹងថា ការប្រទះឃើញយានដ្រូន បាននាំឲ្យមានការបិទដែនអាកាសនៃអាកាសយានដ្ឋានរបស់ប្រទេសអេស្ប៉ាញ ក្នុងមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយ រយៈពេល ២ម៉ោង កាលពីយប់ថ្ងៃចន្ទ។
ចាប់តាំងពីចុងខែកញ្ញាមក ការបង្ហោះយានដ្រូនដ៏អាថ៌កំបាំងបានបណ្តាលឲ្យមានការបិទ និងការរំខាន នៅអាកាសយានដ្ឋាននានាទូទាំងសហភាពអឺរ៉ុប (EU) ក្នុងនោះរួមទាំងនៅទីក្រុង Munich ដែលជាអាកាសយានដ្ឋានធំជាងគេមួយរបស់ប្រទេសអាល្លឺម៉ង់ និងចំនួន ៤ នៅប្រទេសដាណឺម៉ាក។
បើយោងតាម AENA ដែលជាក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអេស្ប៉ាញ បានឲ្យដឹងថា ការបង្ហោះយានដ្រូន ត្រូវបានប្រទះឃើញ នៅក្បែរអាកាសយានដ្ឋាន Alicante-Elche Miguel Hernández Airport។
ក្រុមហ៊ុននេះ បានបន្ថែមថា ជើងហោះហើរចំនួន ១០វ៉ុល តម្រង់ទៅទីក្រុង Alicante ដែលមានចម្ងាយប្រហែល ៤២០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង Madrid ត្រូវបានបង្វែរគោលដៅទៅកាន់ទីក្រុងផ្សេង រួមមាន Valencia, Barcelona, Mallorca និង Murcia។ ជើងហោះហើរមួយចំនួន ត្រូវបានពន្យារពេល ប៉ុន្តែមិនមានការលុបចោលនោះទេ។
ភ្លាមៗ គេមិនទាន់ដឹងទេថា នរណាជាអ្នកនៅពីក្រោយហេតុការណ៍នេះ ហើយសមត្ថកិច្ចកំពុងស៊ើបអង្កេត៕