នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Mustafa បានប្រាប់សារព័ត៌មាន Al Arabiya នៅថ្ងៃអង្គារ (ទី២៨ ខែតុលា) នេះថា ក្រុមហាម៉ាសគួរតែបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួន ទាក់ទងនឹងបញ្ហានៃការគ្រប់គ្រងតំបន់ហ្កាហ្សា និងការកាន់កាប់អាវុធរបស់ក្រុម។
លោក Mustafa បាននិយាយថា «រដ្ឋណាមួយដែលគោរពខ្លួនឯង មិនទទួលយកប្រព័ន្ធពហុភាពអាវុធ ច្បាប់ និងអភិបាលកិច្ចឡើយ»។ លោកបានសង្កត់ធ្ងន់ថា សព្វាវុធ ច្បាប់ និងសណ្ដាប់ធ្នាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវតែស្ថិតក្នុងដៃរដ្ឋប៉ាឡេស្ទីនតែប៉ុណ្ណោះ។
តែយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បានកត់សម្គាល់ថា អ៊ីស្រាអែលមិនចង់ឲ្យអាជ្ញាធរប៉ាឡេស្ទីន (PA) គ្រប់គ្រងតំបន់ហ្កាហ្សាម្តងទៀតទេ។ លោក Mustafa បានសង្កត់ធ្ងន់ថា «ប៉ុន្តែតំបន់ហ្កាហ្សា ត្រូវតែគ្រប់គ្រងទាំងស្រុងដោយ PA ហើយយើងមិនទទួលយកតួនាទីដោយផ្នែកទេ»។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលប៉ាឡេស្ទីន បានយល់ព្រមជាមួយបណ្ដារដ្ឋអារ៉ាប់ ជុំវិញការគាំទ្រ PA ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ហើយជាមួយគ្នានេះ លោក Mustafa ក៏បានលើកឡើងពីតួនាទីរបស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រមែប្រមូលការគាំទ្រ សម្រាប់រដ្ឋប៉ាឡេស្ទីន។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា៖ «កងកម្លាំងរបស់យើងកំពុងត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ដើម្បីបំពេញភារកិច្ចរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សា»។ លោកបានបញ្ជាក់ថា មានបុគ្គលិកសន្តិសុខចំនួន ១៨.០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ហ្កាហ្សា ហើយត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្ដើមបន្តភារកិច្ចរបស់ពួកគេឡើងវិញ៕