ដំណើរការសន្តិភាពរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាប់គាំងនៅក្នុងស្ថានភាពពុំច្បាស់លាស់ ក្រោយប្រទេសទាំង ២ ត្រូវបានគេរាយការណ៍ថា ពុំអាចទម្លុះភាពទាល់ច្រកបាន អំឡុងកិច្ចចរចារយៈពេល ៣ថ្ងៃនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ។
នៅថ្ងៃអង្គារនេះ សារព័ត៌មានប្រទេសទាំង ២ បានដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក សម្រាប់កង្វះខាតកិច្ចព្រមព្រៀងលើបទឈប់បាញរយៈពេលយូរ អំឡុងកិច្ចប្រជុំនៅប្រទេសទួរគី ។
កិច្ចប្រជុំនេះ ត្រូវបានបង្កើតឡើង ក្រោយភាពតានតឹងរវាងប៉ាគីស្ថាន និងក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ដែលបង្កឲ្យមានអរិភាពស្លាប់មនុស្សតាមព្រំដែនកាលពីដើមខែនេះ ។
ដោយឡែក ការបិទព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានជំរុញឲ្យតម្លៃទំនិញចាំបាច់ឡើងថ្លៃនៅក្នុងប្រទេសទាំង ២ផងដែរ ក្នុងនោះតម្លៃប៉េងបោះ បានឡើងថ្លៃខ្ពស់ជាងមុនរហូតដល់ ៥ដងនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង ២ ក្នុងខែនេះ ។
ច្រកព្រំដែនរវាងប្រទេសទាំង ២ បន្តបិទទ្វារ ចាប់តាំងពីថ្ងៃទី ១១ ខែតុលា រហូតមក បន្ទាប់ពីការយុទ្ធគ្នាលើគោក និងការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនចម្ងាយ ២.៦០០គ.ម ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅភាគីប្រទេសទាំង ២ នៅក្នុងការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត ចាប់តាំងពីការគ្រប់គ្រងអំណាចរបស់ក្រុមតាលីបង់នៅទីក្រុងកាប៊ុល កាលពីឆ្នាំ ២០២១ ។
លោក Khan Jan Alokozay គឺជាប្រធានសភាពាណិជ្ជកម្មប៉ាគីស្ថាន-អាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពាណិជ្ជកម្ម និងការដឹកជញ្ជូនទាំងអស់ ត្រូវបានបិទចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើង ៕