ខ្យល់ព្យុះសង្ឃរា Melissa ដ៏កំណាច បានកំពុងងាកទៅភាគឦសានតម្រង់រកទីក្រុងធំបំផុតទីពីររបស់ប្រទេសគុយបា កាលពីថ្ងៃអង្គារ (២៨ តុលា) ជាព្យុះប្រភេទទី៤ ដ៏មានឥទ្ធិពល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបោកបក់ដល់ដីគោកនៅក្បែរប្រទេសហ្សាម៉ាអ៊ីក ក្នុងកម្រិតជាព្យុះខ្លាំងបំផុតមិនធ្លាប់មាន ដោយសម្លាប់មនុស្សមួយចំនួនក្នុងប្រទេសកោះការ៉ាអ៊ីបមួយនេះ។

ព្យុះ Melissa បានវាយបោកដល់ដីគោកនៅជិតក្រុង New Hope ភាគនិរតីនៃប្រទេសហ្សាម៉ាអ៊ីក ដោយល្បឿនខ្យល់អតិបរមា ២៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដ៏បំផ្លិចបំផ្លាញ នេះបើតាមសេចក្ដីជូនដំណឹងពីមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) របស់សហរដ្ឋអាមេរិក។ កម្លាំងដ៏មហិមាបែបនេះបានលើសពីកម្រិតអប្បបរមានៃព្យុះប្រភេទទី៥ ដែលជាកម្រិតដ៏មានឥទ្ធិពលបំផុតរួចទៅហើយ លើប្រព័ន្ធចំណាត់ថ្នាក់ព្យុះ Saffir-Simpson ។
មណ្ឌលព្យុះសង្ឃរា NHC និយាយថា ឥឡូវនេះព្យុះនេះត្រូវព្យាករថានឹងបង្វែរទិសតាមគន្លងកោង ឆ្ពោះទៅកាន់ទីក្រុង Santiago de Cuba ដែលជាទីក្រុងធំបំផុតទីពីររបស់គុយបា។ ក្នុងសារអំពាវនាវឱ្យពលរដ្ឋគោរពបទបញ្ជាជម្លៀសខ្លួន លោក Miguel Diaz-Canel ប្រធានាធិបតីគុយបា បាននិយាយថា "នឹងមានការងារជាច្រើនត្រូវធ្វើ ព្រោះព្យុះនេះនឹងបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយធំ"។
អាជ្ញាធរគុយនិយាយថា ពួកគេជម្លៀសមនុស្សប្រហែល ៥សែននាក់រួចហើយ។ នៅបាហាម៉ាស ដែលជាប់នឹងផ្លូវកាត់របស់ព្យុះ Melissa រដ្ឋាភិបាលបានបញ្ជាឱ្យជម្លៀសប្រជាជនរស់នៅភាគខាងត្បូងនៃប្រជុំកោះនេះបន្ថែមទៀត។ ក្នុងប្រទេសជិតខាង ហៃទី និងដូមីនីក អាជ្ញាធរនៅទីនោះនិយាយថា ប្រទេសទាំងពីរមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃមកហើយ ដែលនាំឱ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់៕

