ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ធ្វើរួចរាល់ រដ្ឋបាលរាជធានីនឹងផ្លាស់ប្តូរទីតាំង រោងចក្រសហគ្រាស និងឃ្លាំងទំនិញធំៗ ទៅកាន់ជាយក្រុង ដើម្បីសម្រួលលំហូរ និងជួយកាត់បន្ថយការស្ទះចរាចរណ៍ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សាលារាជធានីកំពុងបន្តប្រជុំពិភាក្សា ជាមួយសមាគមដឹកជញ្ជូន សមាគមរោងចក្រកាត់ បណ្តាក្រុមហ៊ុនរោងចក្រសហគ្រាស និងម្ចាស់ឃ្លាំងទំនិញធំៗ ដើម្បីស្តាប់សំណូមពរ និងជំរុញឲ្យមានការផ្លាស់ប្តូរ ទីតាំងទៅតំបន់ជាយរាជធានីភ្នំពេញ ។
ឯកឧត្តម បានបន្តថា ជាទិសដៅខាងមុខ នៅពេលការដ្ឋានផ្លូវក្រវ៉ាត់ក្រុងទី៣ បញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ នឹងធ្វើឲ្យមានបណ្តាក្រុមហ៊ុនរោងចក្រ សហគ្រាស និងឃ្លាំងទំនិញមួយចំនួនផ្លាស់ប្តូរ ទីតាំងទៅតំបន់ជាយក្រុង ដែលនឹងកាត់បន្ថយបាននូវចំនួនរថយន្តធុនធ្ងន់ ចេញ-ចូល រាជធានីភ្នំពេញ ហើយកាត់បន្ថយនូវការស្ទះចរាចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ លាតសន្ធឹងប្រវែងសរុប៥២គីឡូម៉ែត្រ ផ្លូវមេមានប្រវែង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹងចាប់ពី២២ម៉ែត្រ ទៅដល់២៧ម៉ែត្រ កម្រាស់២២សង់ទីម៉ែត្រ ហើយផ្លូវខ្នែងមានប្រវែងសរុប៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានស្ពានអាកាសឆ្លងផ្លូវជាតិចំនួន ៤កន្លែង (ឆ្លងផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងប្រមាណ១គីឡូម៉ែត្រ ៕