ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងស្តីពីម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរជំនាន់ថ្មី និងរ៉ែកម្រ ខណៈទីក្រុងតូក្យូស្វែងរកមធ្យោបាយត្រឡប់ទៅរកទីផ្សារនាំចេញសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន ហើយភាគីទាំងពីរសម្លឹងទៅរកកាត់បន្ថយភាពលុបលើរបស់ប្រទេសចិនលើគ្រឿងបន្លាស់អេឡិចត្រូនិចសំខាន់ៗ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីថ្ងៃអង្គារ ទី២៨ ខែតុលា សម្រាប់ការធានាបានការផ្គត់ផ្គង់រ៉ែកម្រដែលត្រូវបានប្រើប្រាស់សម្រាប់អ្វីៗគ្រប់យ៉ាងមានចាប់ពីរថយន្តរហូតដល់យន្តហោះចម្បាំង។
ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារនានា ដែលរួមមានសារធាតុរ៉ែសំខាន់ៗក្នុងទីក្រុងតូក្យូ នៅក្រោមចង្កៀងចំនួនបីដែលស្រោបលម្អដោយមាស ខណៈក្រុមជំនួយការបានអបអរសាទរ។

ប្រទេសទាំងពីរមិនបាននិយាយជាសាធារណៈដោយផ្ទាល់អំពីប្រទេសចិនដែលកែច្នៃច្រើនជាង៩០ ភាគរយនៃរ៉ែកម្ររបស់ពិភពលោក ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រភពនៃការព្រួយបារម្ភរបស់ប្រទេសនីមួយៗអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែរបស់ខ្លួន។
លោក Trump និងប្រធានាធិបតីចិនលោក Xi Jinping គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះខាងក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលនឹងផ្អាកការដំឡើងពន្ធយ៉ាងច្រើនរបស់សហរដ្ឋអាមេរិក និងការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ប្រទេសចិន។