ខណៈជំនួបកំពូលមេដឹកនាំអាមេរិក-ចិន ដែលពិភពលោកទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ ជិតមកដល់ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ (២៩ តុលា) នេះ បានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនថា ប្រទេសចិន "នឹងមិនច្រានចោលជាដាច់ខាត" នូវការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ ដោយប្រើភាសាកាន់តែតឹងរ៉ឹង ជាងអត្ថបទជាបន្តបន្ទាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅសប្តាហ៍នេះ ដែលសន្យាថានឹងគ្រប់គ្រងដោយបន្ធូរដៃបំផុតប្រសិនបើកោះនេះស្ម័គ្រចិត្តទៅរកទីក្រុងប៉េកាំង។

ប្រទេសចិន ដែលចាត់ទុកតំបន់តៃវ៉ាន់ជាទឹកដីរបស់ខ្លួន មិនដែលបោះបង់ការប្រើកម្លាំងដើម្បី "បង្រួបបង្រួម" ជាមួយកោះនេះទេ។
លោក Peng Qing'en អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំនៅក្រុងប៉េកាំងថា "ការបង្រួបបង្រួម" ដោយសន្តិវិធីក្រោមគំរូ "ប្រទេសមួយ ប្រព័ន្ធពីរ" ជាវិធីសាស្រ្តមូលដ្ឋានដើម្បី "ដោះស្រាយបញ្ហាតៃវ៉ាន់"។ លោកបន្ថែមថា "ទោះយ៉ាងនេះក្ដី ចិនពិតជានឹងមិនបោះបង់ការប្រើប្រាស់កម្លាំងជាដាច់ខាត និងនៅតែរក្សាជម្រើសដើម្បីចាត់វិធានការចាំបាច់ទាំងអស់"។

ការជំរុញជាថ្មីរបស់ប្រទេសចិន លើគំរូស្វ័យភាពសម្រាប់តំបន់តៃវ៉ាន់នេះ បានកើតឡើងនៅមុនកិច្ចប្រជុំថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ស្អែកនេះ រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន លោក Xi Jinping ។ នៅថ្ងៃពុធដដែលនេះ លោក Trump ប្រាប់អ្នកសារព័ត៌មានថា លោកមិនដឹងឡើយថា តើលោកនឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយលោក Xi ឬយ៉ាងណា៕
