ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃពុធ (២៩ តុលា) នេះថា បទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតំបន់ហ្កាហ្សា មិនរង្គោះរង្គោះនោះទេ បន្ទាប់ពីអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទដាក់គ្នាជាថ្មីចំពោះអំពើហិង្សានេះ។

យន្តហោះអ៊ីស្រាអែល បើកការវាយប្រហារលើហ្កាហ្សា កាលពីថ្ងៃអង្គារ បន្ទាប់ពីអ៊ីស្រាអែល ចោទក្រុមសកម្មប្រយុទ្ធហាម៉ាស ថាបំពានបទឈប់បាញ់ ដែលជាអំពើហិង្សាចុងក្រោយបំផុតក្នុងកិច្ចព្រមព្រៀងបីសប្តាហ៍មកនេះ ដែលសម្របសម្រួលដោយលោក Trump ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ AirForce One ក្នុងដំណើរទៅកាន់កូរ៉េខាងត្បូង លោក Trump បាននិយាយថា "បើតាមការយល់ឃើញរបស់លោក ហាម៉ាសបានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ដូច្នេះ អ៊ីស្រាអែលបានវាយបកតបតវិញ ហើយពិតណាស់ ពួកគេគួរតែវាយបកវិញនៅពេលមានរឿងបែបនេះកើតឡើង"។
លោក Trump បានសង្កត់ធ្ងន់ថា "គ្មានអាចធ្វើឱ្យអន្តរាយដល់បទឈប់បាញ់នេះបានទេ" ដោយព្រមានថា "ក្រុមហាម៉ាសគ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះនៃសន្តិភាពនៅមជ្ឈិមបូព៌ា ដូច្នេះពួកគេត្រូវតែរៀបឥរិយាបទឱ្យត្រឹមត្រូវបន្តិច"៕

