មន្ត្រីសហជីពបាននិយាយថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរាប់រយនាក់របស់សហរដ្ឋអាមេរិក កំពុងពិចារណាទទួលយកការងារទីពីរបណ្តោះអាសន្ន ខណៈការបិទរដ្ឋាភិបាលអូសបន្លាយពេល មានន័យថា ពួកគេបានខកខានប្រាក់ខែពេញលេញជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី២៨ ខែតុលា ដោយបង្កើនសម្ពាធលើប្រព័ន្ធសុវត្ថិភាពអាកាសចរណ៍ដែលជួបភាពតានតឹង។

អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូន ៥០.០០០នាក់ ត្រូវធ្វើការដោយគ្មានប្រាក់ឈ្នួលបន្ទាប់ពីការជាប់គាំងថវិកា រវាងប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump និងសមាជិកសភាគណបក្សប្រជាធិបតេយ្យ បង្កឱ្យមានការបិទរដ្ឋាភិបាល ដែលពេលនេះឈានចូលដល់រយៈពេល២៨ថ្ងៃ។

កង្វះបុគ្គលិកក្នុងអំឡុងពេលបិទរដ្ឋាភិបាល បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មអាកាសចរណ៍ជាបន្តបន្ទាប់ ដោយជើងហោះហើរជិត៧.០០០វ៉ុល ត្រូវបានពន្យារពេលកាលពីថ្ងៃច័ន្ទ និង៨.៨០០វ៉ុល កាលពីថ្ងៃអាទិត្យ ហើយគិតត្រឹមម៉ោង១រសៀលថ្ងៃអង្គារ ម៉ោងក្នុងស្រុក ជើងហោះហើរចំនួន២.១០០វ៉ុល ត្រូវបានពន្យារពេល នេះបើយោងតាមគេហទំព័រ FlightAware ជាគេហទំព័រតាមដានជើងហោះហើរ។ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយថា អវត្ដមានអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកំពុងបន្តបង្កឧបសគ្គដល់ជើងហោះហើរ។ លោក Duffy និយាយថា ក្រសួងមិនអាចស្វែងរកមូលនិធិដើម្បីបើកប្រាក់ខែឱ្យអ្នកគ្រប់គ្រងចរាចរណ៍បានទេ ដោយជំរុញឱ្យគណបក្សប្រជាធិបតេយ្យបោះឆ្នោតដើម្បីបើករដ្ឋាភិបាលឡើងវិញ។ គណបក្សប្រជាធិបតេយ្យនិយាយថា គណបក្សសាធារណរដ្ឋបដិសេធមិនចរចា ហើយទទួលខុសត្រូវចំពោះការបិទរដ្ឋាភិបាលដែលនៅតែបន្ត។