ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចេញសារដាស់តឿននៅថ្ងៃពុធ (២៩ តុលា) នេះថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិចេះតែកើនឡើង នៃរបបគាំពារនិយម និងជាតិនិយម។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោក Lee បន្តថា កូរ៉េខាងត្បូង នឹងដឹកនាំកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។
លោក Lee បាននិយាយថា នៅក្នុងយុគសម័យមួយ ដែលលទ្ធិគាំពារនិយម និងជាតិនិយមកំពុងកើនឡើង... ពាក្យថា "កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការរីកចម្រើនរួម" អាចស្តាប់ទៅដូចជារាក់កំផែល តែចំណុចនេះ ធ្វើឱ្យតួនាទីរបស់ APEC ជាវេទិកាសម្រាប់សាមគ្គីភាព នឹងកាន់តែភ្លឺស្វាង នៅក្នុងគ្រាមានវិបត្តិបែបនេះ។
លោក Lee បន្ថែមថា បើប្រៀបធៀបទៅនឹងឆ្នាំ២០០៥ ពេលដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះជំនួបកំពូល APEC មួយផ្សេងទៀត "បរិយាកាសខាងក្រៅជុំវិញ APEC នៅឆ្នាំ២០២៥នេះ គឺខុសគ្នាខ្លាំងណាស់"។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមហាអំណាចសកលដែលមានភាពទទួលខុសត្រូវ កូរ៉េខាងត្បូងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ APEC រួមទាំងសម្រាប់ "កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់" ផងដែរ៕

