
កោះកុង៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋដែលលួចសង់រោងប្រក់តង់កៅស៊ូចំនួន១២៦តង់ ចេញពីដីគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាបន្ទាន់ បើពុំនោះទេមិនទទួលខុសត្រូវចំពោះការខូចខាតសម្បត្តិរបស់ពួកគាត់ឡើយ។
តាមរយៈលិខិតមួយច្បាប់របស់រដ្ឋបាលស្រុកបូទុមសាគរចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ មានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រលាន ភូមិជីត្រេះ និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល មួយចំនួនបានលួចចូលសាងសង់រោងប្រក់តង់កៅស៊ូលើដីឯកជនរបស់រដ្ឋ។
អាជ្ញាធរស្រុកបន្ថែមថា ភ្លាមៗនោះក្រុមការងាររដ្ឋបាល និងមន្រ្តីជំនាញរបស់ស្រុក ក៏បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យរុះរើដោយខ្លួនឯងចេញពីរដ្ឋគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនវិញ។
ក៏ប៉ុន្តែ ពលរដ្ឋមិនបានយល់ព្រមតាមរយៈសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធនោះឡើយ។
ទោះយ៉ាងនេះក្តី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែកុម្ភៈ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានបន្តចុះទៅសម្របសម្រួល និងអង្វរកដល់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ដើម្បីធ្វើយ៉ាងណារុះរើរោងទាំងនោះចេញ។
អាជ្ញាធរបានចាត់ទុកថា ការសាងសង់រោងប្រក់តង់នេះ ជាទង្វើខុសច្បាប់បង្កឱ្យមានភាពចលចលក្នុងសង្គម ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
ដូច្នេះ អាជ្ញាធរស្រុកបូទុមសាគរ ស្នើដល់ប្រជាពលរដ្ឋសហការចូលរួមរុះរើរោងប្រក់តង់ទាំងនោះចេញពីដីរដ្ឋ ប្រសិនបើពុំនោះទេបើពុំនោះទេមិនទទួលខុសត្រូវចំពោះការខូចខាតសម្បត្តិរបស់ពួកគាត់ឡើយ៕ អត្ថបទៈឈឹម មករា
