ប្រធានាធិបតីអាមេរិក លោក Donald Trump ហាក់ដូចជាបិទទ្វារក្នុងបំណងស្វែងរកអាណត្តិទី៣ ក្នុងកៅអីសេតវិមាន ដោយទទួលស្គាល់ថា រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក រារាំងលោកមិនឱ្យឈរឈ្មោះម្តងទៀតឡើយ បន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៩ ខាងមុខ។

ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ AirForce One នៅថ្ងៃពុធ (២៩ តុលា) នេះក្នុងដំណើរទៅកាន់កូរ៉េខាងត្បូង លោក Trump បាននិយាយថា "ប្រសិនបើបានអានរដ្ឋធម្មនុញ្ញអាមេរិក នោះនឹងដឹងថា ច្បាប់សរសេរច្បាស់ៗថារូបលោកមិនត្រូវអនុញ្ញាតឱ្យឈរឈ្មោះទៀតទេ នេះជារឿងដ៏អាក្រក់ណាស់"។ ការលើកឡើងនេះ ហាក់បង្ហាញពីការផ្លាស់ប្តូរពីការអត្ថាធិប្បាយមុនៗ ដែលលោកមិនព្រមបដិសេធឱ្យដាច់ស្រេចឡើយក្នុងតំណែងមួយអាណត្តិទៀត។
គួរបញ្ជាក់ថា វិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញរបស់អាមេរិក រារាំងនរណាម្នាក់ពីការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាលើកទី៣ ប៉ុន្តែកន្លងមក លោក Trump បានលេងសើចជាសាធារណៈលើគំនិតនេះ ចាប់តាំងពីឈ្នះអាណត្តិទីពីរនៅក្នុងខែវិច្ឆិកា ឆ្នាំមុនមក។
ប្រធានសភាអាមេរិក លោក Mike Johnson បាននិយាយកាលពីថ្ងៃអង្គារថា លោកពិភាក្សាបញ្ហានេះជាមួយលោក Trump ហើយមានការសន្និដ្ឋាមួយថា "ពុំមានផ្លូវដែលអាចសម្រេចបាន" ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យទាន់ពេលវេលាដើម្បីអនុញ្ញាតឱ្យមានអាណត្តិទីបីនោះទេ។
លោក Trump វ័យ ៧៩ឆ្នាំ ក៏ធ្លាប់បង្ហើបនៅដើមសប្តាហ៍នេះថា អនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្រ្តីការបរទេស Marco Rubio ប្រហែលជាបេក្ខភាពអាចទៅរួច របស់បក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៨។ គួរឱ្យដឹងថា ប្រសិនបើលោក Trump ពិជាអាចឈរឈ្មោះ និងជាប់ឆ្នោតម្តងទៀតមែន នោះលោកនឹងមានវ័យ ៨២ឆ្នាំ ដែលនឹងធ្វើឱ្យលោកក្លាយជាប្រធានាធិបតីមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕

