អាជ្ញាធររៀបចំការបោះឆ្នោត នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នឹងត្រូវបានអនុញ្ញាតឲ្យរាយការណ៍ពីដំណើរការបោះឆ្នោត ដែលរៀបចំដោយរបបយោធារបស់សហភាពមីយ៉ាន់ម៉ា នាពេលខាងមុខ ដោយនេះហាក់ដូចជាការអញ្ជើញឲ្យសារព័ត៌មានបរទេសទៅតាមដានពិនិត្យការបោះឆ្នោតដ៏ចម្រូងចម្រាសខ្លាំងនេះ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RWB) ឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា បាន «បំផ្លាញទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ» ដោយមានការត្រួតត្រា និងការបំភិតបំភ័យ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបង្កឲ្យមានសង្គ្រាមស៊ីវិលរហូតដល់សព្វថ្ងៃ។

អ្នកសារព័ត៌មានក្នុងស្រុក បានប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការបង្រ្កាបនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយបរទេស បានចាកចេញពីប្រទេសយ៉ាងច្រើន។ ការបោះឆ្នោតដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ត្រូវបានរបបយោធាចាត់ទុកថា ជាផ្លូវទៅកាន់សន្តិភាព ប៉ុន្តែព្រឹត្តិការណ៍នេះ នឹងមានការធ្វើពហិការ នៅក្នុងរង្វង់ដែនដីដែលកាន់កាប់ដោយក្រុមឧទ្ទាម ហើយក្រុមអ្នកឃ្លាំមើល កំពុងបដិសេធមិនទទួលយក ដោយលើកឡើងថា នេះគ្រាន់តែជាការរៀបចំ ដើម្បីធ្វើឲ្យការគ្រប់គ្រងបន្តរបស់យោធាមានភាពស្របច្បាប់ប៉ុណ្ណោះ។
គណៈកម្មាធិការបោះឆ្នោតសហភាពដែលគ្រប់គ្រងដោយរបបយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិ នឹងត្រូវបានអនុញ្ញាតឲ្យធ្វើសេចក្ដីរាយការណ៍» អំពីការបោះឆ្នោត ដែលគ្រោងនឹងកើតឡើងជាច្រើនដំណាក់កាល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។
សេចក្តីជូនដំណឹង នៅក្នុងសារព័ត៌មានរដ្ឋ The Global New Light of Myanmar បានបញ្ជាក់ថា ក្រសួងព័ត៌មានគ្រប់គ្រងដោយយោធា «នឹងពិនិត្យ និងអនុម័ត លើអង្គភាពប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមានសិទ្ធិធ្វើសេចក្ដីរាយការណ៍»។
តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់ទេថា តើដំណើរការនោះនឹងទាមទារអ្វីខ្លះ ហើយប្រព័ន្ធផ្សព្វផ្សាយណា នឹងត្រូវបានអនុម័តឲ្យចូលទៅកាន់ប្រទេសដែលភាគច្រើនត្រូវបានកាត់ផ្តាច់ដោយរដ្ឋប្រហារយោធា៕