បន្ទាប់ពីទាក់ទាញប្រកបដោយជោគជ័យ នៅក្នុងប្រទេសជប៉ុនដែលប្តេជ្ញាចិត្តវិនិយោគចំនួន ៤៩០ពាន់លានដុល្លារ លោកប្រធានាធិបតី Donald Trump បានជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនោះ ហាក់ដូចជាពិបាកសម្រេចបាន។
បណ្ដាមន្ត្រីជាន់ខ្ពស់ ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល លើកឡើងថា ចំណុចជាប់គាំងដែលមិនអាចឈានដល់កិច្ចព្រមព្រៀង គឺពាក់ព័ន្ធនឹងសំណើរបស់លោក Trump ដែលទាមទារឲ្យកូរ៉េខាងត្បូងវិនិយោគ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក។

មន្ត្រីកូរ៉េខាងត្បូង ផ្ដល់ហេតុផលថា ការដាក់សាច់ប្រាក់នោះ អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសពួកគេមានអស្ថិរភាព ហើយពួកគេចង់ផ្តល់ប្រាក់កម្ចី និងការធានាប្រាក់កម្ចីជំនួសវិញ។ ប្រទេសនេះក៏នឹងត្រូវការបន្ទាត់ដោះដូរដើម្បីគ្រប់គ្រងលំហូររូបិយប័ណ្ណរបស់ខ្លួនទៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ភាពមិនស្មើគ្នា រវាងអ្វីដែលលោក Trump កំពុងចង់បាន និងអ្វីដែលកូរ៉េខាងត្បូងអាចផ្តល់ឲ្យ លេចឡើងជាប្រធានសំខាន់គ្របដណ្តប់លើកិច្ចប្រជុំ រវាងលោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងទីក្រុង Gyeongju ជាទីក្រុងប្រវត្តិសាស្ត្រដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
យ៉ាងណាក្ដី លោក Trump បាននិយាយថា ប្រទេសទាំង២ បាន «ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ» ដោយពោលសរសើរដល់ការមាន «ទំនាក់ទំនងពិសេស» របស់ប្រទេសទាំង២ អំឡុងពេលផ្ដល់សុន្ទរកថានៅឯវេទិកាធុរកិច្ចមួយ។ ហើយលោកក៏បានបញ្ជាក់ដែរថា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធទាំង២ ទៅកាន់តែកៀកមែនទែនហើយ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ៕
