ការបំផ្លិចបំផ្លាញបានបន្សល់ទុកនៅរដ្ឋភាគអាគ្នេយ៍ Andhra Pradesh ប្រទេសឥណ្ឌា ក្រោយព្យុះស៊ីក្លូន Montha បោកបក់ដល់ដីគោកកាលពីយប់ថ្ងៃអង្គារ ។
នាយកដ្ឋានឧតុនិយមឥណ្ឌានិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ព្យុះស៊ីក្លូន Montha បានថមថយកម្លាំងរបស់វានៅតំបន់ឆ្នេររដ្ឋ Andhra Pradesh និងតំបន់ឆ្នេរទីក្រុង Yanam ។
ចម្ការចេកនៅតំបន់ជាច្រើនក្នុងរដ្ឋ Andhra Pradesh បានរងការខូចខាតដោយសារផលប៉ះពាល់ពីព្យុះស៊ីក្លូននេះ ខណៈដុំពពកពណ៌ខ្មៅយ៉ាងក្រាស់ បានគ្របដណ្តប់ពីលើតំបន់ឆ្នេរ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ស្របពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំង ស្រ្តីម្នាក់ ត្រូវបានសម្លាប់ ក្រោយដើមឈើបាក់សង្កត់លើផ្ទះរបស់គាត់ ។

សារព័ត៌មានក្នុងស្រុករាយការណ៍ទៀតថា ព្យុះស៊ីក្លូននេះដែរ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋភាគខាងកើត Odisha បណ្តាលឲ្យបិទផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនី ។
ឥណ្ឌាបានជម្លៀសខ្លួនមនុស្ស ៥ម៉ឺននាក់ ទៅកាន់ជំរំជួយសង្រ្គោះបណ្តោះអាសន្ន ពេលដែលពួកគេចាប់ផ្តើមជម្លៀសមនុស្សនៅថ្ងៃមុនពេលព្យុះ Montha បង្កើនកម្លាំងរបស់វានៅឆកសមុទ្របឹងហ្គាល់ ។
សូមបញ្ជាក់ថា ព្យុះស៊ីក្លូនតែងតែវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌាចន្លោះខែមេសា និងខែធ្នូ ។ ព្យុះស៊ីក្លូនដែលបានសម្លាប់មនុស្សជិត ១ម៉ឺននាក់ ពេលដែលវាវាយប្រហាររដ្ឋ Odishaកាលពីខែតុលា ឆ្នាំ ១៩៩៩ នៅតែស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសមួយនេះ ៕
