សីតុណ្ហភាពក្ដៅហួតហែង កំពុងឆក់យកជីវិតមនុស្សជិត ៥៥០.០០០នាក់ នៅជុំវិញពិភពលោក ជារៀងរាល់ឆ្នាំ ដោយនេះជាផ្នែកមួយនៃចំនួនអ្នកស្លាប់ដោយសារកម្ដៅដែលបានកើនឡើងជាង ២០ភាគរយ ផ្អែកលើមូលដ្ឋានប្រជាជនដែលត្រូវបានកែសម្រួល ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍ប្រចាំឆ្នាំរបស់សារព័ត៌មាន Lancet ស្តីពីអាកាសធាតុ និងសុខភាព។
លោកសាស្ត្រាចារ្យ Ollie Jay អ្នកជំនាញផ្នែកសុខភាព នៅសាកលវិទ្យាល័យស៊ីដនី (University of Sydney) និងជាសហអ្នកនិពន្ធនៃរបាយការណ៍ថ្មីនេះ លើកឡើងថា៖ «ចំនួននោះ បង្ហាញថា ស្ទើរតែមានអ្នកស្លាប់ម្នាក់រៀងរាល់នាទី ពេញមួយឆ្នាំ ទាក់ទងនឹងកម្ដៅ។ ដូច្នេះ នេះគឺជាចំនួនដ៏គួរឲ្យតក់ស្លុត និងគួរឲ្យបារម្ភណាស់»។

នេះគឺជាឆ្នាំដំបូងដែលទិនានុប្បវត្តិវេជ្ជសាស្ត្រ បានរាយការណ៍អំពីចំនួនសរុបនៃការស្លាប់ ទាក់ទងនឹងកម្ដៅសកល ដែលត្រូវបានគណនាតាមរយៈវិធីសាស្រ្តជឿនលឿន ដើម្បីប៉ាន់ប្រមាណការស្លាប់ដោយសារកម្ដៅ និងតាមរយៈលទ្ធភាពចូលប្រើប្រាស់បានប្រសើរជាងមុន ចំពោះទិន្នន័យមរណភាពលម្អិត នៅក្នុងប្រទេសផ្សេងៗគ្នា។ នៅមុននេះ សារព័ត៌មាន Lancet ធ្លាប់បានចែករំលែកការកើនឡើងនូវភាគរយ សម្រាប់មរណភាពបែបនេះ។
តួលេខថ្មីនេះ លេចឡើងក្នុងអំឡុងឆ្នាំមានសីតុណ្ហភាពឡើងក្ដៅខ្លាំងបំផុត នៅជុំវិញពិភពលោក។ នៅទ្វីបអឺរ៉ុប អ្នកស្រុក និងអ្នកទេសចររដូវក្តៅ ត្រូវបានប៉ះពាល់ដោយរលកកម្ដៅហួតហែងក្នុងរដូវក្តៅ ខណៈដែលផ្នែកខ្លះនៃអាស៊ី និងសហរដ្ឋអាមេរិកក៏ត្រូវបានរួបរឹតដោយកម្ដៅក្ដៅខ្លាំងផងដែរ៕


