យន្តហោះខ្នាតតូចដឹកភ្ញៀវទេសចរបរទេសមួយគ្រឿង បានធ្លាក់នៅប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សទាំង ១១នាក់ នៅលើយន្តហោះ ។
យន្តហោះដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Mombasa Air Safari បានធ្វើដំណើរតាមផ្លូវចេញពីទីក្រុង Diani ស្ថិតនៅតំបន់ឆ្នេរ ទៅកាន់តំបន់អភិរក្សជាតិ Maasai Mara ដែលជាគោលដៅបរបាញ់សត្វដ៏ពេញនិយមមួយរបស់កេនយ៉ា ។

នៅលើយន្តហោះនេះ មានអ្នកដំណើរ ១០នាក់ ៨នាក់មកពីប្រទេសហុងគ្រី និងមនុស្ស ២នាក់ មកពីប្រទេសអាល្លឺម៉ង់ ជាមួយនឹងអ្នកបើកបរយន្តហោះជនជាតិកេនយ៉ាម្នាក់ ។
ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅជិតទីក្រុង Kwale ស្ថិតនៅជិតតំបន់ឆ្នេរមហាសមុទ្រឥណ្ឌា កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។
ក្រុមអាជ្ញាធរបញ្ជាក់ថា គ្មានអ្នករស់រាននៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះនេះឡើយ ។ សាកសពមនុស្សនៅលើយន្តហោះ ត្រូវបានគេរាយការណ៍ថា បានឆេះស្ទើមើលលែងយល់ ។
ដោយឡែក ការស៊ើបអង្កេតចំពោះមូលហេតុបណ្តាលឲ្យធ្លាក់យន្តហោះខាងលើនេះធ្លាក់ កំពុងធ្វើឡើង ៕
