បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីជូនដំណឹង និងជាការព្រមានមួយចំពោះក្លិប/សមាគម មន្ដ្រី និងកីឡាករទាំងអស់ដែលជាសមាជិករបស់សហព័ន្ធមិនអនុញ្ញាតឲ្យធ្វើសកម្មភាពភ្នាល់ និងការផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទទាំងក្នុង និងក្រៅប្រទេស។
ការព្រមាននេះស្របទៅនឹងលក្ខន្តិកៈរបស់សហព័ន្ធក៏ដូចជា FIFA Code of Ethics ព្រមទាំងសារាចរណែនាំស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធឺនេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ និងសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជាផងដែរ។ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះសហព័ន្ធសង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេស បាននឹងកំពុងតែរីកដុះដាលយ៉ាងខ្លាំង ហើយសកម្មភាពអាជីវកម្មល្បែងទាំងនេះក៏មានក្លិប/សមាគម មន្ដ្រី និងកីឡាករបាល់ទាត់មួយចំនួនបានចូលរួមសកម្មភាពភ្នាល់ និងធ្វើជាអ្នកតំណាងផ្សព្វផ្សាយឲ្យអាជីវកម្មល្បែងភ្នាល់ទាំងនោះផងដែរ។ បន្ទាប់ពីបានពិនិត្យមើលឃើញមានក្លិប សមាគម មន្ដ្រី និងកីឡាករមួយចំនួនបានធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធឺណេតអនឡាញ និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការជំនាញរួចមក ទង្វើរបស់ក្លិប/សមាគម មន្ដ្រី កីឡាករដែលធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយឲ្យអាជីវកម្មភ្នាល់ទាំងអស់គឺមិនត្រូវនោះទេ។
អាស្រ័យហេតុនេះ លេខាធិការដ្ឋានសហព័ន្ធបានពិនិត្យឃើញថា ទង្វើទាំងអស់នេះគឺមិនត្រូវ និងផ្ទុយស្រលះពីលក្ខន្ដិកៈសហព័ន្ធត្រង់មាត្រា១០ ចំណុចទី៣ «ខ» និង FIFA Code of Ethics ត្រង់ប្រការ២៦ ចំណុច ១ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងប្រទេសកម្ពុជា និងសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា។ តាមរយៈនេះ សហព័ន្ធបានធ្វើការព្រមានចំពោះក្លិប/សមាគម មន្ដ្រី និងកីឡាករដែលស្ថិតក្រោមសហព័ន្ធមិនអនុញ្ញាតឲ្យធ្វើទង្វើទាំងអស់នេះទៀតបានទេ។ ចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំ និងមិនចូលរួមសហការតាមការណែនាំនេះ នឹងត្រូវប្រឈរមុខជាមួយវិធានការវិន័យ និងផ្លូវច្បាប់ណាមួយ៕ អត្ថបទ៖ លី ឈុនឡា
