កងទ័ពប៉ូឡូញ នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងប៉ូឡូញ បានស្ទាក់យន្តហោះរុស្ស៊ី ១គ្រឿង កាលពីថ្ងៃអង្គារ នៅពេលកំពុងហោះហើរបេសកកម្មឈ្លបយកការណ៍ នៅក្នុងដែនអាកាសអន្តរជាតិ ពីលើសមុទ្របាល់ទិក ដោយមិនមានផ្ដល់គម្រោងហោះហើរផ្លូវការ ហើយឧបករណ៍បញ្ជូនសញ្ញារបស់យន្តហោះបានបិទ។
បណ្តាប្រទេសសមាជិកនៅប៉ែកខាងកើតរបស់អង្គការណាតូ (NATO) បានស្ថិតនៅក្នុងប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពនៃការលុកលុយចូលក្នុងដែនអាកាស ចាប់តាំងពីខែកញ្ញា នៅពេលដែលយន្តហោះយោធារុស្ស៊ីចំនួន ៣គ្រឿង បានរំលោភដែនអាកាសរបស់អេស្តូនីរយៈពេល ១២នាទី ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយានដ្រូនរុស្ស៊ីជាង ២០គ្រឿងបានចូលទៅក្នុងដែនអាកាសប៉ូឡូញ។

ទីបញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានឲ្យដឹងថា៖ «យន្តហោះចម្បាំងប៉ូឡូញ បានស្ទាក់យន្តហោះ Il-20 ដែលធ្វើបេសកកម្មឈ្លបយកការណ៍ នៅក្នុងដែនអាកាសអន្តរជាតិ ដោយមិនបានផ្ដល់ផែនការហោះហើរផ្លូវការ និងបិទឧបករណ៍បញ្ជូនសញ្ញា។ យន្តហោះនេះមិនបានបំពានដែនអាកាសប៉ូឡូញទេ»។
អ្នកនាំពាក្យនៃទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពប៉ូឡូញ លោក Jacek Goryszewski បានប្រាប់ទូរទស្សន៍ឯកជន TVN24 ថា៖ «ហេតុការណ៍នេះ បង្ហាញថា ប៉ូឡូញមិនធ្វេសប្រហែស ដើម្បីធានាឲ្យបានថា ដែនអាកាសរបស់យើងមិនត្រូវបានរំលោភបំពាន»៕
