នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីកលោក Andrew Holness បានប្រកាសតំបន់គ្រោះមហន្តរាយ ក្រោយពេលព្យុះកំណាច Melissa បោកបក់ឆ្លងកាត់ប្រទេសកោះនៅតំបន់ការ៉ាអ៊ីបមួយនេះ ក្នុងនាមជាព្យុះមួយ ចំណោមព្យុះដ៏ខ្លាំងក្លាបំផុតជាប់កំណត់ត្រា បណ្តាលឲ្យមានការខូចខាតយ៉ាងច្រើន ។
ព្យុះកំណាច Melissa ដែលបានបោកបក់ដល់ដីគោក ក្នុងនាមជាព្យុះកម្រិតទី ៥កាលពីថ្ងៃអង្គារនោះ បានបក់បំប៉ើងដំបូលផ្ទះ ជន់លិចតំបន់មជ្ឈមណ្ឌលឧស្សាហកម្មរបស់ហ្សាម៉ាអ៊ីក រំលើងបង្គោលភ្លើង និងដើមឈើ ធ្វើឲ្យមនុស្សភាគច្រើនក្នុងចំណោមពលរដ្ឋ ២,៨លាននាក់របស់ពួកគេ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ។
ព្យុះ Melissa ចំណាយពេលច្រើនម៉ោងទម្រាំបោកបក់ឆ្លងផុតប្រទេសហ្សាម៉ាអ៊ីក ពេលដែលវាថមថយកម្លាំងមកនៅជាព្យុះកម្រិតទី ៣ មុនពេលវាបង្កើនកម្លាងឡើងវិញ បន្តបោកបក់ឆ្ពោះទៅកាន់ប្រទេសគុយបានៅថ្ងៃពុធនេះ ។

លោក Holness និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ព្យុះបានបំផ្លិចបំផ្លាញប្រទេសរបស់លោក ហើយការប្រកាសគ្រោះមហន្តរាយ នឹងផ្តល់ជាអាវុធដល់រដ្ឋាភិបាលរបស់លោក ក្នុងការបន្តគ្រប់គ្រងឆ្លើយតបរបស់ពួកគេចំពោះព្យុះមួយនេះ ។
លោកបាននិយាយប្រាប់ CNNកាលពីយប់ថ្ងៃអង្គារថា ច្បាស់ណាស់ថា ទីណាដែលព្យុះបោកបក់ឆ្លងកាត់ ទីនោះ នឹងទទួលរងការប៉ះពាល់ ។
លោកបន្តថា សេចក្តីរាយការណ៍ដែលពួកយើងទទួលបានមកទល់នឹងពេលនេះ រួមមានទាំងការខូចខាតដល់មន្ទីរពេទ្យ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
លោកថា លោកពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់ណាមួយពីករណីស្លាប់មនុស្សនោះទេនៅពេលនេះ ប៉ុន្តែក្នុងនាមជាព្យុះកំណាចកម្រិតទី ៥ ពួកយើងរំពឹងថានឹងមានមនុស្សស្លាប់ជាក់ជាពុំខាននោះទេ ៕
