ប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធ (ទី២៩ ខែតុលា) បានឲ្យដឹងថា ការចរចា ដើម្បីឲ្យមានបទឈប់បាញ់យូរអង្វែង ជាមួយអាហ្វហ្គានីស្ថាន «មិនអាចនាំមកនូវដំណោះស្រាយដែលអាចអនុវត្តបានឡើយ» ដោយព្រមានថា ខ្លួននឹងចាត់វិធានការ ដើម្បីការពារប្រជាជនរបស់ខ្លួន។
គួរដឹងថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបាននិងកំពុងដំណើរការចរចា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងគោលបំណងឲ្យទទួលបានសន្តិភាព បន្ទាប់ពីមានការប៉ះទង្គិចបណ្ដាលឲ្យមានអ្នកសា្លប់ច្រើនបំផុតនៅតាមព្រំដែនរបស់ប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២ ដែលជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

អំពើហិង្សាដែលបានសម្លាប់មនុស្សជាង ៧០នាក់ និងរងរបួសរាប់រយនាក់ បានកើតឡើងបន្ទាប់ពីមានការផ្ទុះនៅទីក្រុងកាប៊ុល កាលពីថ្ងៃទី៩ ខែតុលា ជាហេតុការណ៍ដែលអាជ្ញាធរតាលីបង់ បានដាក់ការទទួលខុសត្រូវទៅលើប៉ាគីស្ថាន។
តាមរយៈបណ្ដាញសង្គម X បន្ទាប់ពីការចរចារយៈពេល ៤ថ្ងៃដែលសម្របសម្រួលដោយប្រទេសកាតា និងទួរគី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Attaullah Tarar បានបញ្ជាក់ឲ្យដឹងថា៖ «ជារឿងគួរឲ្យសោកស្ដាយ ភាគីអាហ្វហ្គានីស្ថានមិនបានផ្តល់ការធានា បន្តងាកចេញពីបញ្ហាស្នូល ហើយបែរទៅជាគេចពីការទទួលខុសត្រូវ និងមានកិច្ចកល។ ហេតុដូច្នេះ ការសន្ទនាមិនអាចនាំមកនូវដំណោះស្រាយដែលអាចអនុវត្តបាននោះទេ»។
លោក Tarar បានបន្ថែមថា ប៉ាគីស្ថានបានភ្ជាប់អាហ្វហ្គានីស្ថានទៅក្នុងស្មារតីសន្តិភាព ប៉ុន្តែបានចោទប្រកាន់ទីក្រុងកាប៊ុលថា បាន «គាំទ្រឥតជាប់ជានិច្ច ចំពោះពួកភេរវករប្រឆាំងប៉ាគីស្ថាន»។
ភា្លមៗនេះ មិនទាន់មានការអត្ថាធិប្បាយអ្វីឡើយ ពីប្រទេសអាហ្វហ្គានីស្ថាន ពាក់ព័ន្ធនឹងការលើកឡើងនេះ៕


